ខេត្តកំពង់ចាម ៖ ក្រោយពីមានហេតុការណ៍វាយកម្មកររោងចក្រកាំជីនម្នាក់ឈ្មោះពិន តុល អាយុ២២ឆ្នាំមានទីលំនៅភូមិចុងអង្រ្កង សង្កាត់សួង ក្រុងសួង ឱ្យរងរបួសធ្ងន់ និងក្រោយមកបានស្លាប់នៅតាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ សីហា ២០១១នោះ លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌ បានចាត់ឲ្យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះសហការជាមួយនឹងនគរបាលក្រុងសួង ចុះ ស្រាវជ្រាវជាបន្ទាន់។ លុះមកដល់ម៉ោង២រសៀលថ្ងៃទី១២ សីហា ជនសង្ស័យម្នាក់ឈ្មោះហ៊ីង ស៊ីដេត ភេទប្រុស អាយុ២៤ឆ្នាំ បានត្រូវចាប់ខ្លួនក្នុងពេលបម្រុងជិះម៉ូតូ១គ្រឿងចេញពីផ្ទះជួលនៅក្បែររោងចក្រកាំជីន ក្នុងសង្កាត់សួង ក្រុងសួង ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះហ៊ីង ស៊ីដេត បានឆ្លើយថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ សីហា រូបគេនិងបក្សពួក២នាក់ទៀតគឺឈ្មោះពុធ និងឈ្មោះវុធ កំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះជួលក្នុងភូមិសួងលិច សង្កាត់សួង ដោយបានរៀបចំគម្រោងទៅលួចយកម៉ូតូចំនួន២គ្រឿងនៅកន្លែងសន្តិសុខរោងចក្រកាំជីនយាមប្រចាំការ។ បន្ទាប់មក នៅវេលាម៉ោងប្រហែលជិត៣ទៀបភ្លឺឈានចូលថ្ងៃទី១១ សីហា ឈ្មោះពុធ បានដាស់ខ្លួន (ស៊ីដេត) ឲ្យក្រោកឡើងហើយ ក្នុងពេលនោះឈ្មោះពុធ បានដាក់កន្ត្រៃយក្ស១នៅក្នុងអាវធំ។
ជនឈ្មោះហ៊ីង ស៊ីដេត បានឆ្លើយទៀតថា ពេលទៅដល់មុខរោងចក្រឈ្មោះពុធ បានឡើងរបង ចំណែកខ្លួនរង់ចាំនៅខាងក្រៅ ប្រហែលជា១០នាទីក៏យកបានទូរស័ព្ទដៃ១គ្រឿងចេញមកក្រៅវិញ ដើរទៅកន្លែងលក់ទឹកអំពៅនៅខាងលិចរោងយាម ស្រាប់តែឃើញមនុស្សប្រុសម្នាក់ដេកក្នុងអង្រឹង។ ពេលនោះឈ្មោះពុធ បានយកកន្ត្រៃកាត់ដែកទៅវាយត្រូវចំនួន៤កន្ត្រៃនឹកស្មានតែស្លាប់ហើយបានកាត់ខ្សែអង្រឹងទម្លាក់ចូលទៅក្នុងប្រឡាយតែម្តង។ បន្ទាប់មកបាននាំគ្នាឡើងរបងចូលទៅក្នុងរោងចក្រ ប៉ុន្តែពេលកំពុងកាត់សោច្រវាក់ទ្វារត្រូវសន្តិសុខដឹងទាន់ ហើយស្រែកទើបពួកគេទាំង២នាក់រត់ឡើងផ្លោះរបងចេញមកក្រៅវិញ ចូលទៅសម្ងំដេកនៅក្នុងផ្ទះជួល ។
ចំណែកលោកអនុសេនីយ៍ឯក ឡាញ់ សត្យា មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ សីហា លោកចៅក្រម សម ប៊ុនថុន និងលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចេញដីកាឃុំខ្លួនឈ្មោះហ៊ីង ស៊ីដេត ដោយចោទប្រកាន់ពីបទសមគំនិតឃាតកម្ម និងបាននាំខ្លួនទៅដាក់នៅពន្ធនាគារខេត្ត។ រីឯសាច់ញាតិរបស់អ្នករងគ្រោះវិញ បានប្តឹងទាមទារសំណងចំនួន៨.០០០ដុល្លារ និងឲ្យផ្តន្ទាទោសជនល្មើសតាមច្បាប់៕
ចែករំលែកព័តមាននេះ