ព្រៃសហគមន៍៣កន្លែងនៅស្រុកសៀមបូក ទទួលបានការចុះបញ្ជីដីរដ្ឋជាលក្ខណៈពិសេស
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ដីព្រៃសហគមន៍ចំនួន៣កន្លែង ស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសរុបចំនួន៧១៤,៩៥ហិកតា ត្រូវបានចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិរបស់ រដ្ឋជូនក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ជាលក្ខណៈពិសេស កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៦ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ការចុះបញ្ជីនេះ ត្រូវបានចាត់ទុកថា ជាយន្តការសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រង ការ ពារ និងអភិរក្សធនធានព្រៃឈើ ព្រមទាំងរក្សាសក្តានុពលធម្មជាតិឱ្យបានគង់វង្ស សម្រាប់ផលប្រយោជន៍សហគមន៍ និងមនុស្សជំនាន់ក្រោយ ។ ព្រៃសហគមន៍ទាំង៣កន្លែង ដែលទទួលបានការចុះបញ្ជីនេះ រួមមាន៖ព្រៃសហគមន៍អូរឫស្សីកណ្ដាល មានផ្ទៃដីទំហំ ៤២,៦៥ហិកតា ។ ព្រៃសហគមន៍សិលាតាព្រហ្ម មានផ្ទៃដីទំហំ៣១៣,៧៣ហិកតា។ ព្រៃសហគមន៍ត្រពាំងឈើទាល មានផ្ទៃដីទំហំ៣៥៨,៥៧ហិកតា។
តំបន់ព្រៃសហគមន៍ទាំងនេះ មានសក្តានុពលធនធានធម្មជាតិចម្រុះ រួមមាន ព្រៃឈើ សត្វព្រៃ ផល និងអនុផលព្រៃឈើ ព្រមទាំងទេសភាពធម្មជាតិដែលអាចទាក់ទាញការសិក្សាស្វែងយល់ និងទេសចរណ៍ធម្មជាតិ ប្រសិនបើមានការរៀបចំគ្រប់គ្រងសមស្រប ។ ជាមួយគ្នានេះ ព្រៃឈើក៏មានតួនាទីសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន ការពារប្រភពទឹក ជួយទប់ស្កាត់ការហូរច្រោះដី និងផ្តល់ជម្រកដល់ជីវចម្រុះជាច្រើនប្រភេទផងដែរ។

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានលើកឡើងពីសារសំខាន់នៃការការពារព្រៃសហគមន៍ថា ព្រៃឈើមិនត្រឹមតែជាប្រភពធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ ជួយសម្រួលសីតុណ្ហភាព និងកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងកម្ដៅ ព្រមទាំងជួយរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានតុល្យភាព ។
លោកបានបន្តថា ព្រៃឈើជាជម្រក និងជាប្រភពចំណីអាហាររបស់សត្វព្រៃ ព្រមទាំងជួយរក្សារុក្ខជាតិឱសថធម្មជាតិ និងធនធាន ជីវសាស្ត្រដែលមានតម្លៃសម្រាប់ការស្រាវជ្រាវ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ដូច្នេះ ការការពារព្រៃឈើឱ្យបានគង់វង្ស គឺជាការការពារប្រព័ន្ធទ្រទ្រង់ជីវិត និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

លោកក៏បានបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចដែលអាចកើតចេញពីការអភិរក្សព្រៃឈើ ជាពិសេស តាមរយៈយន្តការហិរញ្ញប្បទានកាបូន និងឥណទានកាបូន ដែលអាចបង្កើតឱកាសទាក់ទាញធនធានហិរញ្ញវត្ថុពីទីផ្សារកាបូនអន្តរជាតិ ប្រសិនបើតំបន់ព្រៃឈើមានលក្ខខណ្ឌស្របតាមស្តង់ដារ និងតម្រូវការពាក់ព័ន្ធ ។
យន្តការនេះ អាចរួមចំណែកបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ការគ្រប់គ្រងព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ ដោយត្រូវធានាឱ្យមានតម្លាភាព ការចែករំលែកផលប្រយោជន៍សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។

ជាមួយគ្នានេះ លោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ពិសេស ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់ការគាំទ្រ និងជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋជាលក្ខណៈពិសេសនេះ។
លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីអាជ្ញាធរខេត្ត ព្រមទាំងគណៈកម្មការគ្រប់គ្រងព្រៃសហគមន៍នានាក្នុងខេត្តស្ទឹងត្រែង ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ។ ការចូលរួមរបស់សហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានចាត់ទុកថាជាកត្តាគន្លឹះក្នុងការរក្សាធនធានព្រៃឈើឱ្យបានយូរអង្វែង ។

ការចុះបញ្ជីដីព្រៃសហគមន៍ជាលក្ខណៈពិសេសនេះ ក៏ជាឱកាសមួយសម្រាប់ពង្រឹងការកំណត់ព្រំប្រទល់ និងការគ្រប់គ្រងដីរដ្ឋឱ្យកាន់តែច្បាស់លាស់ ដោយជួយសម្រួលដល់ការរៀបចំផែនការអភិរក្ស ការត្រួតពិនិត្យសកម្មភាពប្រើប្រាស់ដី និងការកាត់បន្ថយហានិភ័យនៃការទន្ទ្រានដីព្រៃខុសច្បាប់ ។ ទន្ទឹមនឹងនេះ ការអនុវត្តច្បាប់ព្រៃឈើ ការតាមដានការប្រែប្រួលគម្របព្រៃ និងការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ជាកិច្ចការដែលត្រូវបន្តអនុវត្តជាប្រចាំ ។
ទោះជាយ៉ាងណា ការចុះបញ្ជីដីព្រៃសហគមន៍តែមួយមុខ មិនទាន់អាចធានាបាននូវការអភិរក្សប្រកបដោយប្រសិទ្ធភាពទាំងស្រុងនោះទេ ប្រសិនបើគ្មានការគ្រប់គ្រងជាក់ស្តែង និងការចូលរួមពីគ្រប់ភាគី ។ ដូច្នេះ ការរៀបចំផែនការគ្រប់គ្រងព្រៃឈើ ការល្បាតការពារព្រៃ ការស្តារតំបន់ព្រៃដែលខូចខាត ការការពារជីវចម្រុះ និងការបង្កើតជម្រើសជីវភាពប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋ គឺជាវិធានការចាំបាច់ដែលត្រូវអនុវត្តស្របគ្នា។ជាពិសេស ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការប្រើប្រាស់ផល អនុផលព្រៃឈើដោយស្របច្បាប់អាចក្លាយជាមធ្យោបាយជួយបង្កើនប្រាក់ចំណូលក្នុងមូលដ្ឋាន ប្រសិនបើមានការរៀបចំផែនការច្បាស់លាស់ ការកំណត់សមត្ថភាពទទួលភ្ញៀវ ការគ្រប់គ្រងសំណល់ និងវិធានការការពារមិនឱ្យសកម្មភាពសេដ្ឋកិច្ចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។

ជារួម ការចុះបញ្ជីដីព្រៃសហគមន៍ទាំង៣កន្លែង នៅស្រុកសៀមបូក មិនត្រឹមតែជាជំហានសំខាន់ក្នុងការគ្រប់គ្រងដីរដ្ឋ និងការពារធនធានព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានសម្រាប់ជំរុញការអភិរក្សជីវចម្រុះ ការរក្សាបរិស្ថាន និងការបង្កើតឱកាសអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព ។ ការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ ស្ថាប័នជំនាញគណៈកម្មការព្រៃសហគមន៍ និងប្រជាពលរដ្ឋ នឹងក្លាយជាកម្លាំងស្នូលក្នុងការធានាថា ធនធានព្រៃឈើដ៏មានតម្លៃទាំងនេះ ត្រូវបានការពារ និងបន្សល់ទុកជាមរតកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ៕





ចែករំលែកព័តមាននេះ