មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះល្បាតក៏ប្រទះឃើញជនមិនស្គាល់មុខកាប់ដើមគគីរជិត៨ម៉ែត្រគូប
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ឈើប្រភេទគគីរសរុប១៤៤សន្លឹក ប្រមាណជិត៨ម៉ែត្រគូប ត្រូវបានជនមិនស្គាល់មុខលួចកាប់ផ្តួលបម្រុងដឹកជញ្ជូនយកទៅលក់បន្តឱ្យឈ្មួញ ក៏ត្រូវបានកម្លាំងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះល្បាតប្រទះឃើញប្រមូលយកមករក្សាទុក ។

ជាក់ស្តែង កាលពីថ្ងៃទី២០-២១ តុលា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន៧នាក់ ដឹកនាំដោយលោក ហ៊ុ ចាន់ ប្រធានស្នាក់ការរងឧទ្យានុរក្សស្រែកិន បានចុះល្បាតឃ្លាំមើលបទល្មើសធនធានធម្មជាតិនៅចំណុចខ្នងភ្នំអាកោន ស្ថិតក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រទះឃើញទីតាំងប្រមូលសន្និធិឈើអារប្រភេទ (គគីរ) ចំនួន ២ទីតាំង ចម្ងាយប្រវែង១៥០ម៉ែត្រពីគ្នា មានឈើអារចំនួន១៤៤សន្លឹក ស្មើនឹង៧,៨៨២ម៉ែត្រត្រីគុណ ។

មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បាននិយាយឱ្យដឹងថា ទីតាំងទី១-ស្ថិតត្រង់និយាមកា (410653-1321340) ឈើអារប្រភេទគគីរមានមុខកាត់ (០,០៥ម៉ែត្រ គុណនឹង០,១៥ម៉ែត្រ គុណនិង៧ម៉ែត្រ គុណនឹង១០១សន្លឹក) ស្មើនឹង៥,៣០២ម៉ែត្រត្រីគុណ ។

ទីតាំងទី២-ត្រង់និយាមកា (410803-1321178) ឈើអារប្រភេទគគីរ មានមុខកាត់ (០,០៥ម៉ែត្រគុណនឹង០,១៥ម៉ែត្រ គុណនឹង៨ម៉ែត្រ គុណនិង៤៣សន្លឹក) ស្មើនឹង២,៥៨០ម៉ែត្រត្រីគុណ ។

បច្ចុប្បន្ន វត្ថុតាងឈើប្រភេទគគីរជាង៧ម៉ែត្រគូប ត្រូវបានមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការស្រែកិនប្រមូលយកមករក្សាទុកបណ្ដោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកជនមិនស្គាល់មុខ និងកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ក្រមបរិស្ថាន ៕



ចែករំលែកព័តមាននេះ