សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែន និងរុស្ស៊ី កាលពីយប់ថ្ងៃទី២១ មក ២២ តុលា បានវាយប្រហារគ្នាខ្លាំងក្លាទៅវិញទៅមក ជាមួយការបាញ់មីស៊ីលលើក្រុងគៀវ ហើយដ្រូន៦៣០គ្រឿង បញ្ជូនទៅវាយប្រហារតំបន់ក្រុងមូស្គូប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការចរចារវាងរុស្ស៊ី និងអាមេរិកពីការបញ្ចប់ជម្លោះ ។

តាមអភិបាលក្រុងគៀវ លោកវីតាលីគ្លីតស្កូ ថា ការវាយប្រហារលើក្រុងគៀវ ពិសេស ដោយមីស៊ីល បណ្ដាលឲ្យមនុស្សយ៉ាងតិច១៥នាក់រងរបួស ។ ផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធមេត្រូលើស្ពាន PIVDENNYរងការខូចខាត ។ ចំណែកអភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ីយ៉ានីនគូសបញ្ជាក់ថា ដ្រូន៦៣០គ្រឿងនាពេលយប់បានហោះសំដៅវាយប្រហារតំបន់ក្រុងមូស្គូ បណ្ដាលឲ្យមនុស្ស២នាក់រងរបួស ។ លោកបន្តទៀតថា ដ្រូនភាគច្រើនក្នុងចំណោមដ្រូនទាំងនោះ បានត្រូវកម្ទេចដោយប្រព័ន្ធការពារអាកាស ។ គេកត់សម្គាល់ឃើញថា ដ្រូន១៦៣គ្រឿងអាចហោះមកដល់ក្បែរក្រុងមូស្គូ ។
ការវាយប្រហារទាំងនេះ កើតមាន បន្ទាប់ពីការជួបគ្នាកាលពីថ្ងៃទី២១ តុលា នៅក្រុងសាំងប៉េទ័រស្បួរ រវាងបេសកជនអាមេរិកលោក STIVE WITKOFF និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ក្រោយពីប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំអះអាងថា ការបញ្ចប់សង្គ្រាមអ៊ុយក្រែន មិនដែលខិតមកកាន់តែកៀកដូចពេលនេះឡើយ ។ ក្រោយការជួបពិភាក្សាគ្នាយ៉ាងលម្អិតអស់ពេល៣ម៉ោងនោះ រុស្ស៊ីប្រកាសថា ត្រៀមចរចាត្រីភាគីឡើងវិញ ជាមួយអ៊ុយក្រែន និងអាមេរិកនាថ្ងៃទី១០ វិច្ឆិកា។
មុននេះ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី ទើបទទួលស្គាល់ថា កងទ័ពលោកមិនអាចវាយដណ្ដើមយកដែនដីដែលរុស្ស៊ី កំពុងកាន់កាប់បានមកវិញឡើយ ។ លោកហ្សេឡេនស្គីលើកឡើងថា លោកត្រៀមបទឈប់បាញ់គ្នាមួយ និងការផ្អាកបាញ់គ្នានៅខ្សែរណសិរ្ស ខណៈអ៊ុយក្រែនបាត់បង់ដែនដី២០%ក្នុងដៃរុស្ស៊ី ។ លោកបើកទ្វារសម្រាប់ការចរចា ដែលអាចបញ្ឈប់ការប្រយុទ្ធគ្នា និងចៀសវាងកុំឲ្យប្រជាជនរងការលំបាកវេទនាថែមទៀតពេលរដូវរងាជិតមកដល់ ៕

ចែករំលែកព័តមាននេះ