ទីក្រុងមូស្គូ ៖ ប្រទេសរុស្ស៊ីនឹងបញ្ជូនកប៉ាល់ដឹកប្រេងដំបូងបង្អស់របស់ខ្លួន ដែលមានផ្ទុកប្រេងម៉ាស៊ូតទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ។
ប្រទេសរុស្ស៊ីបានលុបចោលបម្រាមដែលខ្លួនបានដាក់លើការនាំចេញប្រេងម៉ាស៊ូត កាលពីថ្ងៃទី៩ ខែតុលា ដែលបម្រាមនោះត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាកង្វះក្នុងស្រុក បង្កឡើងដោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេង បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងជាមួយលោក ត្រាំ ក្នុងការផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោក។
តាមការចេញផ្សាយពីសារព័ត៌មាន RIA ដោយស្រង់សម្តីលោក Novak កាលពីថ្ងៃទី២១ ខែតុលា បានបញ្ជាក់ថា កប៉ាល់រុស្ស៊ី១គ្រឿងដំបូងនេះ នឹងផ្ទុកប្រេងម៉ាសូតចំនួន ៤ ម៉ឺនតោន។ ទោះយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ឈ្មោះកំពង់ផែ ដែលប្រេងនោះនឹងត្រូវដឹកជញ្ជូនចេញនោះទេ។ លោកបានថ្លែងដូច្នេះថា «ជាការពិតណាស់ ការដឹកជញ្ជូនបន្ថែមនឹងបន្តបន្ទាប់ទៀត តាមរយៈកិច្ចព្រមព្រៀងដែលបានសម្រេចរវាងមេដឹកនាំទាំងពីរ។ យើងនឹងបំពេញតម្រូវការរបស់សហរដ្ឋអាមេរិក តាមលទ្ធភាពដែលយើងអាចធ្វើបាន»។
លោក ត្រាំ បានប្រកាសហើយថា ប្រទេសរុស្ស៊ីនឹងនាំចេញប្រេងម៉ាសូតជាបន្ទាន់ចំនួន ៣០ ម៉ឺនតោន ឬស្មើនឹង ២,២៥ លានបារ៉ែល បន្ទាប់មកចំនួន ៥០ ម៉ឺនតោនផ្សេងទៀតក្នុងខែវិច្ឆិកា និង ១ លានតោន នៅពេលក្រោយ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាដឺមៀ ពូទីន (Vladimir Putin) ក៏បានទទួលជួបជាពិសេសជាមួយបេសកជនអាមេរិក លោក Steve Witkoff កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅ បន្ទាប់ពីកិច្ចព្រមព្រៀងនាំចេញប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ អំឡុងជំនួបនៅទីក្រុង St Petersburg លោក Witkoff បានថ្លែងអំណរគុណលោក ពូទីន ដែលបានដកចេញការរឹតត្បិតការនាំចេញប្រេងម៉ាសូត។ ចំណែកលោក ពូទីន ក៏បានលើកឡើងដែរថា តម្លៃប្រេងម៉ាស៊ូតសកលបានធ្លាក់ចុះ ៥% ទៅ ៦% បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ