អគ្គិភ័យឆេះផ្សារបុរីសន្តិភាព២ អស់៤តូប ភ័.យតក់ស្លុតដួ.លសន្លប់ម្នាក់ និងរបួសស្រាលម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរផ្សារបុរីសន្តិភាព២ យ៉ាងសន្ធោសន្ធៅអស់ចំនួន៤តូបទាំងស្រុង ក្នុងចំណោមនោះក៏មានតូបលក់មាស១តូបផងដែរ ។ ដោយឡែកមូលហេតុនៃការឆាបឆេះនេះនៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ មិនតែប៉ុណ្ណោះនៅក្នុងឧប្បត្តិហេតុនេះ ក៏បណ្ដាលឲ្យនារីម្នាក់ភ័យតក់ស្លុតរហូតដួលសន្លប់ រីឯបុរសអ្នកបញ្ចូលហ្គាសម្នាក់រលាកភ្លើងរបួសស្រាល ។
គ្រោះអគ្គិភ័យខាងលើបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នៅក្នុងផ្សារបុរីសន្តិភាព២ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា តូបលក់ដូរទាំង៤ដែលរងការឆាបឆេះនោះរួមមានតូបលក់មាស និងប្លាទីន,តូបលក់ទូរស័ព្ទនិងកុំព្យូទ័រ ,តូបលក់ហ្គាសនិងបញ្ជូលហ្គាស ,និងតូបស្នាក់នៅរបស់អាជីវករលក់ត្រី ។ នៅវេលាម៉ោងកើតហេតុនោះភ្លើងបានចាប់ផ្ដើមឆេះចេញពីក្នុងតូបស្នាក់នៅរបស់អាជីវករលក់ត្រីដែលបានបិទទ្វារចាក់សោចោល ហើយពួកគាត់បានចេញទៅលក់ត្រីនៅក្នុងផ្សារ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ពេលនោះអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់អស់ជាច្រើនបំពង់ដែរ ប៉ុន្តែភ្លើងមិនរលត់ឡើយ ហើយក៏បានឆេះរាលឆ្លងដល់តូបជាប់គ្នានោះចំនួន៣ទៀតជាបន្តបន្ទាប់ ។ ក្នុងនោះរួមមានតូបលក់និងបញ្ចូលហ្គាស ,តូបលក់មាសនិងប្លាទីន ព្រមទាំងតូបលក់ទូរស័ព្ទនិងកុំព្យូទ័រ យ៉ាងសន្ធោសន្ធៅ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍សុំការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចតែម្ដង ។
សមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា នៅមិនទាន់ដឹងថាការឆាបឆេះនេះបណ្ដាលមកពីអាជីវករដែលស្នាក់នៅក្នុងដែលតូបឆេះមុនគេនោះដាំស្លភ្លេចបិទភ្លើងចង្ក្រានហ្គាស ឬឆ្លងចរន្តអគ្គិសនីនៅក្នុងតូបនោះ ឬក៏មានមូលហេតុអ្វីផ្សេងទៀតនៅឡើយទេ ខណៈនេះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ ។ បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះអន្តរាគមន៍ ហើយក៏បានផ្ដល់ដំណឹងទៅកាន់ក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យភ្លាមៗផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងរបស់ការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់កងរុករកនិងសង្គ្រោះ៧១១ បានចេញទៅកាន់ទីនោះ ។ បន្ទាប់មកបានធ្វើការបាញ់ទឹកពន្លត់ភ្លើងរហូតរលត់ទៅវិញទាំងស្រុង ចំណែកតូបទាំង៤រួមទាំងទំនិញនិងសម្ភារៈផ្សេងៗនៅក្នុងនោះផងត្រូវបានភ្លើងឆេះអស់ ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតទេ ។
ដោយឡែក ស្ត្រីម្នាក់ដែលបានដួលសន្លប់ដោយការភ័យតក់ស្លុត ក៏ត្រូវបានក្រុមរុករកនិងសង្គ្រោះ៧១១ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ៕












ចែករំលែកព័តមាននេះ