សហគមន៍ទេសចរណ៍ តំបន់ទឹកធ្លាក់ជ្រាវ ជូនដំណឹងដល់ភ្ញៀវទេសចរ មកលេងកម្សាន្ត រដូវវស្សាប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំ ៥ចំណុច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ តំបន់ទឹកធ្លាក់ជ្រាវ ជាតំបន់ធម្មជាតិដ៏ស្រស់ស្អាត ប៉ុន្តែក៏អាចមានគ្រោះថ្នាក់ដែលយើងមិនអាចមើលឃើញជាមុនបាន ជាពិសេសនៅរដូវវស្សានេះ ពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកឡើងលឿន ចរន្តទឹកហូរខ្លាំង និងផ្ទាំងថ្មរអិល ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានគ្រប់ពេល។
ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សហគមន៍តំបន់ការពារធម្មជាតិគោកមានទី(ទឹកធ្លាក់ជ្រាវ) ជូនដំណឹងដល់ភ្ញៀវទេសចរណ៍÷ ដើម្បីធានាសុវត្ថិភាពក្នុងពេលដើរលេងកម្សាន្ត ងូតទឹកលេង សូមបងប្អូនភ្ញៀវទេសចរ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១- កុំចុះលេងទឹក នៅពេលទឹកឡើងខ្ពស់ ទឹកហូរខ្លាំង ឬមានភ្លៀងធ្លាក់។
២- កុំឡើងលើផ្ទាំងថ្មរអិល ឬទៅកាន់តំបន់ដែលមានសភាពគ្រោះថ្នាក់។
៣- កុំចូលទៅតំបន់ហាមឃាត់ និងត្រូវស្តាប់ការណែនាំរបស់មន្ត្រី សហគមន៍ និងអ្នកនាំផ្លូវ។
៤- មាតាបិតា និងអាណាព្យាបាល ត្រូវមើលថែរក្សាកូនៗឱ្យបានជាប់ជានិច្ច កុំទុកកុមារឱ្យលេងទឹកដោយគ្មានអ្នកមើលថែ។
៥- នៅពេលមានសញ្ញាព្រមានអំពីគ្រោះថ្នាក់ ឬឃើញទឹកហូរខុសប្រក្រតី សូមចាកចេញពីតំបន់ទឹកភ្លាមៗ ទៅកាន់ទីតាំងមានសុវត្ថិភាព និងអនុវត្តតាមការណែនាំរបស់អ្នកទទួលខុសត្រូវ។
សូមចងចាំថា÷ ភាពសប្បាយរីករាយមួយពេល មិនគួរប្រថុយនឹងអាយុជីវិតឡើយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ ៕







ចែករំលែកព័តមាននេះ