ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាក​ចរាចរណ៍​ទាំងស្រុង លើ​ស្ពានបេតុង (​ស្ពានដែក​ភ្លើង​)​ ក្នុង​ខេត្តកំពង់ស្ពឺ​ ក្រោយ​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ប៉ះពាល់​ដល់សមត្ថភាព​ទ្រ​ទ្រង់​​សំណង់​ស្ពាន

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ដោយ​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​នៅ​ក្បាលស្ពាន​សងខាង រហូត​ដល់​សរសរ​គ្រឹះ ដែល​អាច​ប៉ះពាល់​ដល់ ស្ថេ​រ​ភាព និង​សមត្ថភាព​ទ្រទ្រង់​របស់​សំណង់​ស្ពាន​។ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ បាន ជូនដំណឹង​ការ​ផ្អាក​ចរាចរណ៍​ទាំងស្រុង​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​ស្ពានបេតុង (​ស្ពានដែក​ភ្លើង​)​លើ​កំណាត់​ផ្លូវ​១៤១ ត្រង់​គីឡូម៉ែត្រ​០៣-២០០ ស្ថិត​នៅ​ក្នុង ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពីការ​ផ្អាក​ចរាចរណ៍​ទាំងស្រុង​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​ស្ពានបេតុង (​ស្ពានដែក​ភ្លើង​)​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤១ ត្រង់​គីឡូម៉ែត្រលេខ​​០៣-២០០ ស្ថិត​នៅ​ក្នុង ភូមិ​ដែកភ្លើង​ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ មេត្តា​ជ្រាប​ថា ស្ពានបេតុង (​ស្ពានដែក​ភ្លើង​) លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤១ ត្រង់​គីឡូម៉ែត្រ​៣-២០០ ត្រង់​គីឡូម៉ែត្រ​៣+២ មាន​ប្រវែង​១២​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ទទួល​រង​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​នៅ​ក្បាលស្ពាន​សងខាង រហូត​ដល់​សរសរ​គ្រឹះ ដែល​អាច​ប៉ះពាល់​ដល់ ស្ថេ​រ​ភាព និង​សមត្ថភាព​ទ្រទ្រង់​របស់​សំណង់​ស្ពាន​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ជាយថាហេតុ និង​ការពារ​អាយុជីវិត​អ្នកដំណើរ ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​សាធារណៈ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​គោរព​ស្នើ​សុំ​ការ​អនុញ្ញាត​បិទ​ចរាចរណ៍​ទាំងស្រុង​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន រហូត​ដល់ មានការ​ត្រួតពិនិត្យ និង​វាយតម្លៃ​សុវត្ថិភាព​សំណង់​ស្ពាន​ដោយ​មន្ត្រី​ជំនាញ ព្រមទាំង​មាន​ដំណោះស្រាយ បច្ចេកទេស​សម​ស្រប ដើម្បី​ធានា​ស្ពាន​អាច​ប្រើប្រាស់​បាន​ដោយ​សុវត្ថិភាព​។

ដូចនេះ​ដើម្បី​សម្រួលការ​កកស្ទះ​ច​រា​រណ៍ និង​បង្ការ​ការ​កើត​មាន​គ្រោះថ្នាក់​ណាមួយ​ជាយថាហេតុ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ស្ពឺ សូម​គោរព​ណែនាំ ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ដែល​មាន​បំណង​ឆ្លងកាត់​ផ្លូវ​នេះ​ដូច​ខាងក្រោម​ ៖

១- ករណី​យានយន្ត​មក​ពី​ផ្លូវជាតិ​លេខ​៤ សូម​ប្តូរ​ទៅ​ផ្លូវជាតិ​លេខ​៤១ (​ស្តុ​ប​ថ្នល់ទទឹង​)

២- ករណី​យានយន្ត​មក​ពី​ផ្លូវ​ខេត្ត​លេខ​១៣០ សូម​ប្តូរ​ទៅ​ផ្លូវជាតិ​លេខ​៤១ (​វត្ត​អង្គ​មេត្រី​)​។

អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម ឯកឧត្តម លោក​ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ជ្រាប​ជា​ព័ត៌មាន មេត្តា​យោគយល់ អធ្យាស្រ័យ និង ចូលរួម​សហការ​ដោយ​ក្ដី​អនុគ្រោះ​៕