ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ ជិះ​កង់​កញ្ចាស់​ទៅ​លួច​កង់​ថ្មី ប៉ះ​ចំ​ម្ចាស់​ជា​មន្ត្រី​នគរបាល តាម​រក​ឃើញ ​និង​ឃាត់ខ្លួន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់ ​បាន​ជិះ​កង់​កញ្ចាស់ ​១​គ្រឿង ​ទៅ​ធ្វើ​សកម្មភាព​លួច​យក​កង់​ថ្មី ​១​គ្រឿងទៀត ​តម្លៃ​ជាង​ ១​ពាន់​ដុល្លារ ប៉ះ​ចំ​ម្ចាស់​ជា​មន្ត្រី​នគរបាល ​ទុក​នៅ​មុខ​ផ្ទះ ​ត្រៀម​ជិះ​ចេញ​ហាត់ប្រាណ។ ក្រោយ​ពេល​លួច​បាន​សម្រេច ក៏​ទុក​កង់​កញ្ចាស់​របស់​ខ្លួន​ចោល​នៅ​កន្លែង​កើតហេតុ​ រួច​ជិះ​កង់​ ដែល​លួច​បាន​គេចខ្លួន ប៉ុន្តែ​មិន​អាច​រត់​រួច​ឡើយ ដោយ​ត្រូវ​មន្ត្រី​នគរបាល ដែល​ជា​ម្ចាស់​កង់​ខាងលើ ​តាម​រក​ឃើញ ហើយ​ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៦ នៅ​ក្នុង​បុរី​ផុ​នស៊ុ​យ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ គា សុធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ដោយឡែក​បុរស ​ដែល​ជា​ម្ចាស់​កង់​ឈ្មោះ​សុង សៅ អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​ខាងលើ​ បាន​អូស​កង់ ​១​គ្រឿង​ ដែល​គាត់​ទិញ​ក្នុង​តម្លៃ​ជាង​១​ពាន់​ដុល្លារ​ ចេញពី​ក្នុងផ្ទះ​ទៅ​ទុក​នៅ​មុខ​ផ្ទះ ​ដើម្បី​ជិះ​ហាត់ប្រាណ។ បន្ទាប់​មក​គាត់​ក៏​បាន​អូស​ម៉ូតូ ​១​គ្រឿង ​ទៅ​ទុក​ក្នុងផ្ទះ​សិន ក៏​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ​គា សុធី​ នោះ​បាន​ជិះ​កង់​កញ្ចាស់​ ១​គ្រឿង​ ទៅ​លួច​យក​កង់​របស់​គាត់ រួច​ជិះ​គេចខ្លួន​បាត់​ដោយ​បន្សល់​ទុក​កង់​កញ្ចាស់​របស់​ខ្លួន​នៅ​ចំណុច​កើតហេតុ​នោះ ។

សមត្ថកិច្ច ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ​រួចរាល់ មន្ត្រី​នគរបាល​រូប​នោះ​ បាន​ចេញ​មក​យក​កង់ ​ដើម្បី​ជិះ​ហាត់ប្រាណ ស្រាប់តែ​បាត់​មិនឃើញ គាត់​ក៏​ជិះ​ម៉ូតូ​តាម​ស្វែងរក​កង់។ លុះ​ពេល​ទៅ​ដល់​មហាវិថី​ចោម​ចៅ​ (​ផ្លូវ​វ៉េ​ង​ស្រេង​) ត្រង់​ចំណុច​មុខ​វត្ត​គោក​បញ្ជាន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​កង់​របស់​គាត់ ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

សមត្ថកិច្ច ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​បាន​ដកហូត​កង់​បាន​មក​វិញ បន្ទាប់​មក​មន្ត្រី​នគរបាល ​ដែល​ជា​ម្ចាស់​កង់​ខាងលើ បាន​ប្រគល់​ជនសង្ស័យ​រូប​នេះ​ ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់ ៕