រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការប្រកាសរបស់លោក អ៊ុំ សំអាន ដែលចាត់ដំណាងឱ្យចូលមកស្រុកខ្មែរ ដើម្បីជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ។
សម្តេចធិបតី បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ យ៉ាងដូច្នេះថា៖ “ខ្ញុំសូមស្វាគមន៍ការឆ្លើយតបជាវិជ្ជមាន របស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថា បានកាត់ដីឲ្យថៃ នៅកន្លែងនោះ” ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលជិត ២សប្តាហ៍ កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ ៖ ម្តងគាត់ថា មិនហ៊ានមក ព្រោះខ្លាចគេលួចបាញ់ ឬវ៉ៃបែកក្បាល, ម្តងគាត់ថា មកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថា មកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថា មានឯកសារ និងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថា អត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថា ទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផល នៃការជជែកគ្នា, ម្តងគាត់ថា អត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថា គាត់ជាអ្នកនយោបាយ គាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។
សម្តេចបវរធិបតី បានបញ្ជាក់ថា៖ “ជំហររបស់ខ្ញុំ គឺច្បាស់លាស់ និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមា លេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាល និងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថា បានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឲ្យខ្មែរបាត់បង់ទឹកដីទៅថៃ ។
សម្តេចធិបតី បានលើកឡើងទៀតថា ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ ខ្ញុំសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួន សម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នា ដែលនឹងកើតមាននៅពេលខាងមុខ ៖
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នា ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល ៥២-៥៩ ដែលលោក និងក្រុមលោក បានចោទរាជរដ្ឋាភិបាលថា បានកាត់ដីឲ្យថៃ ។
ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវ ៖
-រៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន,
-ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់។
២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយ តាមគ្រប់រូបភាព (មិនថា សម្ងាត់ ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា ។ និយាយអោយខ្លី គឺកុំធ្វើជាត្រីងៀត ឆ្លៀតពង ។
៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ។
៤. ត្រូវមកដល់កម្ពុជា មិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជា យ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់ ។
សម្តេចបានសង្គត់ធ្ងន់ថា៖ “ខ្ញុំសូមបញ្ជាក់ថា ការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជា ដើម្បីជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលា ដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ” ។
សម្តេចលើកឡើងថា ករណីលោក អ៊ុំ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់ ៖
១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា
២. តម្រូវការអ្វីខ្លះ ដែលរាជរដ្ឋាភិបាលអាចផ្ដល់ឲ្យលោក និងក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំអោយបានសមរម្យ ៕

ចែករំលែកព័តមាននេះ