តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនមន្ត្រីសាលាខេត្តម្នាក់ ពាក់ព័ន្ធសំណុំរឿងជម្លោះដីធ្លី
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាអោយនគរបាលយុទ្ធធម៌បញ្ជូនលោក អ៊ុំ សុភឿន មន្ត្រីបម្រើការនៅការិយាល័យបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តស្ទឹងត្រែង ទៅកាន់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ«លួចលក់អចលនវត្ថុអ្នកដទៃ ដែលមិនមែនជារបស់ខ្លួន» ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ការបញ្ជូនទៅឃុំខ្លួននេះ ធ្វើឡើងក្នុងដំណាក់កាលនៃការស៊ើបអង្កេត និងចាត់ការសំណុំរឿងរបស់តុលាការ ។ ទោះជាយ៉ាងណា ការចោទប្រកាន់ខាងលើ មិនទាន់បញ្ជាក់ថា លោក អ៊ុំ សុភឿន មានពិរុទ្ធភាពជាស្ថាពរនៅឡើយទេ ដោយត្រូវរង់ចាំការស៊ើបអង្កេត និងការសម្រេចរបស់តុលាការស្របតាមច្បាប់ជាធរមាន ។
លោក ឈុំ សៀងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី២១តុលា ២០២៦ ថា នៅពេលនេះ ចៅក្រមកំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿង ហើយមិនទាន់មានលទ្ធផលចុងក្រោយណាមួយត្រូវបានបញ្ជាក់នៅឡើយទេ ។
លោកបញ្ជាក់ថា ទាក់ទងសំណុំរឿងនេះដែរ គេកំពុងរង់ចាំមេធាវីរបស់លោកអ៊ុំ សុភឿន ដើម្បីចូលឆ្លើយបំភ្លឺអម យ៉ាងណាៗរង់ចាំភាពជាក់ស្តែង ។ ជាមួយគ្នានេះ ការប្រមូលព័ត៌មាន និងការរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធ ក៏ជាចំណុចដែលត្រូវតាមដានបន្ថែម ដើម្បីឱ្យការដោះស្រាយបញ្ហានេះមានភាពច្បាស់លាស់ ។ ចំពោះព័ត៌មានលម្អិត និងលទ្ធផលនៃនីតិវិធីបន្ទាប់ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ។
គួររំលឹកថា លោកអ៊ុំ សុភឿន ជាមន្ត្រីដែលត្រូវបានផ្ទេរភារកិច្ចមកពីសាលាខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៥ ។ កន្លងមក ឈ្មោះរបស់លោកត្រូវបានលើកឡើងក្នុងការផ្សព្វផ្សាយព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងជម្លោះលើការគ្រប់គ្រង កាន់កាប់ និងការលក់ទិញដីធ្លីមួយកន្លែង ស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានការខ្វែងគំនិតជាមួយលោកស្រី អៀវ វុទ្ធី មានទីលំនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
តាមព័ត៌មានដែលបានបញ្ជាក់ដោយរដ្ឋបាលខេត្តស្ទឹងត្រែង មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធធ្លាប់បានចុះពិនិត្យទីតាំងជាក់ស្តែង ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ។ ក្រោយការចុះស្រាវជ្រាវ អាជ្ញាធរខេត្តបានតម្រូវឱ្យលោក អ៊ុំ សុភឿន ចូលរួមដោះស្រាយវិវាទដីធ្លីខាងលើ ឱ្យបានច្បាស់លាស់ និងស្របតាមបទប្បញ្ញត្តិច្បាប់ ។
លើសពីនេះ ដើម្បីពង្រឹងការអនុវត្តវិន័យ និងធានាឱ្យការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលប្រព្រឹត្តទៅដោយមានតម្លាភាព រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានចាត់វិធានការរដ្ឋបាលចំពោះមន្ត្រីរូបនេះផងដែរ ដោយសម្រេចផ្អាកការងារជាបណ្តោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការតាមដាន ព្រមទាំងការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីក្រុមប្រឹក្សាវិន័យរបស់រដ្ឋបាលខេត្ត ។
សំណុំរឿងនេះនឹងត្រូវបន្តតាមដានតាមរយៈលទ្ធផលនៃនីតិវិធីតុលាការ និងការបំភ្លឺពីភាគីពាក់ព័ន្ធ ដើម្បីឱ្យការដោះស្រាយប្រព្រឹត្តទៅស្របតាមច្បាប់ និងគោរពគោលការណ៍យុត្តិធម៌៕

ចែករំលែកព័តមាននេះ