ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូដ៏ល្អ ! ជីកដីប្រទះឃើញ«ទេវរូបភេទស្រី» សម័យអង្គរកម្ពស់ ៧០សង់ទីម៉ែត្រ ពលរដ្ឋសៀមរាបសម្រេចប្រគល់ជូនរដ្ឋធ្វើជាសម្បត្តិបេតិកភណ្ឌជាតិ

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រូប​បដិមា​ភេទ​ស្រី (​ទេវរូប​ភេទ​ស្រី​) មួយ​អង្គ ដែល​មាន​ដៃ​កាន់​ផ្កាឈូក និង​មាន​ទម្រង់​រូបរាង​ស្ថិត​ក្នុង​រចនាបថ​អង្គរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោក​ចក ប្រទះ​ឃើញ​ពេល​ជីកដី​ជិត​ផ្ទះ និង​បាន​ទាក់ទង​អាជ្ញាធរ ជូនដំណឹង​ទៅ​កាន់​មន្ត្រី​ជំនាញ​យក​ទៅ​រក្សា​ទុក ដើម្បី​ជា​សម្បត្តិ​បេតិកភណ្ឌ​នៅ​ក្នុង​សារមន្ទីរ ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ។

លោក ឡុ​ង សុផល និង​ឪពុក ដែល​ជា​អ្នក​ប្រទះ​ឃើញ​រូប​បដិមា​ខាងលើ មាន​ទីលំនៅ​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​និង​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​នេះ គាត់​បាន​ជីកដី​ជិត​ផ្ទះ ដើម្បី​យក​ដី​ទៅ​ចាក់​ក្នុងផ្ទះ ។ ពេល​ជីក​នោះ ទើបតែ​ជីក​បាន​មួយ​ប៉ែល ត្រូវ​តែ​ប៉ះ​ចំ​រូប​បដិមា​ខាងលើ​តែ​ម្ដង ។ ភ្លាម​នោះ គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ភ្លាម​ៗ​ឱ្យ​ចុះ​ពិនិត្យ និង​យក​ទៅ​រក្សា​ទុក ។

លោក​បានឱ្យ​ដឹង​ថា វត្ថុ​ទាំងនោះ គឺជា​បេតិកភណ្ឌ​ពិភពលោក ដែល​មិន​គួរ​ទុក​ចោល​ផ្ទាល់ខ្លួន​នោះ​ទេ ព្រោះ​ការ​ប្រគល់​ជូន​រដ្ឋ​ជួយ​ថែរក្សា និង​ផ្ដល់​ប្រយោជន៍​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់ ។ ការ​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ​ជូន​រដ្ឋ ឬ​អាជ្ញាធរ គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ទុកជា​ប្រយោជន៍​ដល់​ជាតិ ។ លោក​បញ្ជាក់​ថា វត្ថុ​ទាំងនោះ មិនមែន​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ជា​របស់​ខ្លួន​នោះ​ទេ ហេតុនេះ បើសិនជា​មាន​អ្នក​ផ្សេង​ប្រទះ​ឃើញ ក៏​គួរតែ​ប្រាប់ និង​ប្រគល់​ជូន​អាជ្ញាធរ​យក​ទៅ​រក្សា​ទុកដាក់​ឱ្យ​បាន​សម​ស្រប​ដែរ ។

បើ​តាម លោក មាស ឫ​ទ្ធី​រ៉ា​ថេ​ត អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​បញ្ជាក់​ថា តាម​រយៈ​ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ ក្រុមការងារ​បាន​រក​ឃើញ​ថា រូប​បដិមា​នោះ​គឺជា «​រូប​បដិមា​ភេទ​ស្រី (​ទេវរូប​ភេទ​ស្រី​)» ដែល​មាន​ដៃ​កាន់​ផ្កាឈូក និង​មាន​ទម្រង់​រូបរាង​ស្ថិត​ក្នុង​រចនាបថ​អង្គរ ឬ​រចនាបថ​ឃ្លាំង (​អាច​ជា​ទេវរូប​ព្រះ​នាង​លក្ស្មី​) ដែល​មាន​កម្ពស់​ប្រហែល ៧០​សង់ទីម៉ែត្រ និង​មាន​សភាព​បែកបាក់​ស្រាប់​។

លោក មាស ឫ​ទ្ធី​រ៉ា​ថេ​ត បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​រួច ក្រុមការងារ​នឹង​យក​ទៅ​ចុះបញ្ជី និង​រក្សា​ទុកដាក់​ក្នុង​សារមន្ទីរ ដើម្បី​ជា​ប្រយោជន៍​រួម និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ ។ ក្នុង​នាម​ជា​មន្ត្រី​ជំនាញ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប លោក​បាន​ធ្វើការ​សំណូមពរ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ករណី​មានការ​ជីក​សាងសង់ ឬ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ផ្សេង​ៗ​ដោយ​ចៃដន្យ សូម​រាយការណ៍​ជា​បន្ទាន់​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ មន្ទីរ​ពាក់ព័ន្ធ ដើម្បី​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ រៀបចំ និង​យក​ទៅ​រក្សា​ទុក​កន្លែង​ដែល​មាន​សុវត្ថិភាព​ត្រឹមត្រូវ​។

​ក្នុងឱកាស​នោះ លោក ឌុ​ច គឹ​ម​ដម នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​ថ្លែងអំណរគុណ​ដល់ លោក ឡុ​ង សុផល និង​ឪពុក រួម​នឹង​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ចំពោះ​ស្មារតី​យល់​ដឹង និង​កិច្ចសហការ​ល្អ ដែល​បាន​សម្រេចចិត្ត​ប្រគល់​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​នេះ​ជូន​មក​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដើម្បី​រក្សា​ទុក​ការពារ​ស្រប​តាម​ផ្លូវច្បាប់​។ លោក​ក៏​បាន​ធ្វើការ​សំណូមពរ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ផ្សេង​ៗ​ដោយ​ចៃដន្យ សូម​រាយការណ៍​ជា​បន្ទាន់​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ រៀបចំ និង​យក​ទៅ​រក្សា​ទុក​កន្លែង​ដែល​មាន​សុវត្ថិភាព ៕ អត្ថបទ៖ លោក អ៊ុន ណារាជ្យ