ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិង្សានៅបារាំង ប្រធានាធិបតី ប្តេជ្ញាចាត់វិធានការតាមច្បាប់

18 ម៉ោង មុន

ប្រទេសបារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញាចាត់វិធានការតាមច្បាប់លើអ្នកដែលបង្កអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងលួចទ្រព្យសម្បត្តិ ក្នុងបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ បាតុកម្មនេះមានអ្នកចូលរួមប្រមាណ ៥៥០.០០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Xinhua​ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា អ្នកបំផ្លិចបំផ្លាញត្រូវទទួលខុសត្រូវ និងអ្នកលួចទ្រព្យសម្បត្តិត្រូវសងការខូចខាត។ លោកក៏បានបង្ហាញការគាំទ្រចំពោះមន្ត្រីអនុវត្តច្បាប់ អ្នកដឹកនាំមូលដ្ឋាន និងម្ចាស់ហាងដែលរងផលប៉ះពាល់ ព្រមទាំងប្រកាសថា នាយករដ្ឋមន្ត្រី សេបាស្ទៀន ឡឺកនូ នឹងដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីរៀបចំជំនួយឱ្យបានឆាប់រហ័សដល់អ្នករងគ្រោះ។

យោងតាមក្រសួងមហាផ្ទៃបារាំង មនុស្សចំនួន ២.៣៩៧នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្ម ខណៈមន្ត្រីនគរបាល និងកងរាជអាវុធហត្ថសរុប ៩៩៧នាក់បានរងរបួស ក្នុងនោះ ៧នាក់រងរបួសធ្ងន់។ អំពើហិង្សាបានបង្កការខូចខាតដល់ហាងលក់ទំនិញ និងទ្រព្យសម្បត្តិនៅតាមដងផ្លូវមួយចំនួន។

បាតុកម្មនេះមានការចូលរួមពីកសិករ សកម្មជនបរិស្ថាន សហជីព និងនិស្សិត ដែលបានលើកឡើងពីការឡើងថ្លៃប្រេងឥន្ធនៈ ជីវភាពរស់នៅ ការអប់រំ និងសេវាសាធារណៈ។ ចាប់តាំងពីខែកញ្ញាមក បារាំងក៏បានជួបប្រទះបាតុកម្មរបស់សិស្ស និងនិស្សិតជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យមានការកែលម្អលក្ខខណ្ឌអប់រំផងដែរ។

ទន្ទឹមនឹងការប្តេជ្ញាចាត់វិធានការលើអ្នកបង្កហិង្សា លោក ម៉ាក្រុង បានបញ្ជាក់ថា រដ្ឋាភិបាលនឹងសហការជាមួយសិស្ស និស្សិត គ្រូបង្រៀន សហជីព និយោជក និងមន្ត្រីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយចំពោះកង្វល់របស់យុវជន និងបញ្ហាជីវភាពរស់នៅ។ លោកក៏បានជំរុញឱ្យរដ្ឋាភិបាលពិនិត្យមេរៀនពីហេតុការណ៍នេះ ដើម្បីពង្រឹងការប្រមូលព័ត៌មាន និងការត្រៀមបង្ការកុំឱ្យអំពើហិង្សាបែបនេះកើតឡើងម្តងទៀត៕