ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មេខ្យល់២​នាក់ រួម​ទាំង​ពលករ​ម្នាក់ ពេល​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​មក​កម្ពុជា

20 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២០​និង​០០​នាទី ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៦ កម្លាំង​ល្បាត​ព្រំដែន បាន​ចុះ​ល្បាត​តាម​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ប្រទះ​ឃើញ​មនុស្ស​ចំនួន​០៣​នាក់ ៖ ១-​ឈ្មោះ ប៉ូ សុខា​(​វី​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត (​មេខ្យល់​), ២-​ឈ្មោះ ចាន់ ដក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​(​មេខ្យល់​), ៣-​ឈ្មោះ ឌី ស្រី​ប៉ាក ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង​(​ពលករ​) លួច​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ភ្លាម​នោះ​កម្លាំង​ល្បាត​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ទាំង​០៣​នាក់​ខាងលើ​មក​សួរនាំ បន្ទាប់​មក​បាន​បញ្ជូន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សួរនាំ​តាម​នីតិវិធី ក្រោយ​ពី​សួរនាំ​រួច​កម្លាំង​ជំនាញ​បាន​ធ្វើតេស្ដ​ទឹកនោម ជនសង្ស័យ​ទាំង​០២​នាក់ ជា​មេខ្យល់ ជា​លទ្ធផល​វិជ្ជមាន (+) ។

លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ទាំ​ពីរ​នាក់ ពិតជា​មានការ​ស៊ីសង្វាក់​គ្នា​យ៉ាង​ជាក់លាក់​ពី​ករណី​ខាងលើ ហើយ​រង​ការ​ចោទប្រកាន់​លើ​ករណី​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់ សម្រាប់​នាំ​ឆ្លង​ដែន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

បន្ទាប់​ពី​សួរ​ចម្លើយ​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕