ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ សីហា លោកស្រីប្រាក់ ច័ន្ទសុខា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់មន្ទីរការិយាល័យអង្គភាពជុំវិញខេត្តប្រមាណជាង១០០នាក់ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋនៅតាមទំនប់ប៊ុលឌែមួយស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។
នៅក្នុងឱកាសនោះលោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា ការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ឆ្នាំនេះ គឺប្រព្រឹត្តទៅបានយ៉ាងរលូនដោយពុំមានឧបសគ្គជាគ្រោះធម្មជាតិអ្វីមករំខានឡើយ ធ្វើឱ្យប្រជាកសិករទូទាំងស្រុកមានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះទឹកភ្លៀងបានអំណោយផលល្អមានទឹកក្នុងស្រែសមល្មមធ្វើឱ្យដំណើរការបាន ល្អ ។ មិនត្រឹមតែប៉ុណ្ណោះ មានការជួយពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ការិយាល័យកសិកម្មស្រុកខេត្តចុះអង្កេត ចៀសវាងមានអ្វីមករំខានផលដំណាំរបស់ពួកគាត់ ជាពិសេស គឺសត្វល្អិត ហើយនៅក្នុងនោះសម្រាប់ឆ្នាំនេះលោកអភិបាលស្រុកមានជំនឿចិត្តថាវិស័យកសិកម្មដំណាំស្រូវនឹងទទូលបានផលលើសឆ្នាំ កន្លងទៅ ព្រោះគិតត្រឹមថ្ងៃទី១០ សីហានេះ ប្រជាកសិករសម្រេចបាន៧.៩១០ហិកតាហើយ លើផែនការឆ្នាំនេះមានចំនួន១២.៦៥០ហិកតា។
លោកស្រីប្រាក់ ច័ន្ទសុខា អភិបាលរងខេត្តបានថ្លែងថា ការចុះជួយដល់ប្រជាពលរដ្ឋមិនថា តែលើវិស័យកសិកម្មមួយប៉ុណ្ណោះទេ ទោះជាវិស័យអ្វីក៏ដោយត្រូវតែយកចិត្តទុកដាក់ ព្រោះទាំងនេះគឺជាកាតព្វកិច្ចរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ត្រូវបម្រើជាតិបម្រើប្រជាពលរដ្ឋ តាមគោលនយោបាយដឹកនាំដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
ចែករំលែកព័តមាននេះ