ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឱ្យបង្កើនការផលិតព័ត៌មានជាភាសាបរទេសផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​បង្កើន​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ភាសា​ប រទេស ដើម្បី​បង្កើន​ការ​ផលិត​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ពី​កម្ពុជា ជា​ភាសាបរទេស​ទៅ​កាន់​ឆាក​អន្តរជាតិ ខណៈ​បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន​បាន​ផលិត​ព័ត៌មាន​ជា​ភាសា​អង់គ្លេស បារាំង ចិន និង​អា​រ៉ាប់ រួច​ទៅ​ហើយ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម រដ្ឋមន្ត្រី ខណៈ​ក្រសួង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ភាសាបរទេស​ជូន​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ធនធាន មនុស្ស​របស់​ក្រសួង​ព័ត៌មាន ដែល​ផ្តោត​លើ​ការ​កសាង​សមត្ថភាព​មន្ត្រី​ឱ្យ​មាន​ទាំង​ជំនាញ​វិជ្ជាជីវៈ ជំនាញ​ឌី​ជី​ថ​ល និង​ជំនាញ​ភាសាបរទេស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ការងារ​ក្នុង​បរិបទ​នៃ​កា​រវិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស នៃ​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

ការ​ជំរុញ​បែប​នេះ របស់​ឯកឧត្តម នេត្រ ភក្ត្រា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦​នេះ ក្នុង​ឱកាសលោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល «​ភាសា​អង់គ្លេស ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​» ជូន​ដល់​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា តាម​រយៈ​ការ​យល់​ដឹង​ភាសាបរទេស​បាន​ច្បាស់លាស់ មន្ត្រី​អាច​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ ផ្លាស់​ប្តូរ​ព័ត៌មាន​ជាមួយ​បណ្តាញសារព័ត៌មាន​បរទេស និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​បាន​កាន់តែ​ទូលំទូលាយ ។ ការ​ពង្រឹងសមត្ថភាព​ភាសាបរទេស​ក៏​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ការទូត​ព័ត៌មាន ដែល​រួមចំណែក​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ផ្លាស់​ប្ដូរ​ចំណេះដឹង និង​បទ​ពិសោធន៍​វិជ្ជាជីវៈ ព្រមទាំង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។ ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​រម្លឹក​ពី​ស្ថានភាព​សង្គ្រាម​ព័ត៌មាន នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​អំលុង​សង្គ្រាមយោធា​ថៃ ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា​ទាំង​២​លើក កាលពី​ឆ្នាំ​២០២៥ កន្លង​ទៅ ។

ដូច្នេះ ការ​យល់​ដឹង​ស៊ីជម្រៅ​ផ្នែក​ភាសាបរទេស គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ឆ្លើយ​តប​ទៅ​ព័ត៌មាន​អន្តរជាតិ​ណាមួយ ដែល​មាន​ចេតនា​អវិជ្ជមាន​ចំពោះ​ស្ថានភាព​ពិត​នៅ​កម្ពុជា ។ ដើម្បី​ជំរុញ​ឱ្យ​ការ​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​ផ្នែក​ភាសាបរទេស​ឱ្យ​កាន់​មានគុណ​ភាព​បន្ថែម​ទៀត ក្រសួង​ព័ត៌មាន បាន​ធ្វើ​ទំនាក់ទំនង​ការទូត​ព័ត៌មាន​ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេង​ៗ ដើម្បី​បញ្ជូន​មន្ត្រីរាជការ​នៃ​ក្រសួង​ព័ត៌មាន ចេញ​ទៅ​ទទួល​បាន​បណ្តុះបណ្តាល នៅ​តាម​បណ្តា​ប្រទេស​ជា​មិត្ត​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ជាដើម ។

លើស​ពី​នេះ មិត្ត​ក៏​បាន​ចូលរួម​ចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​លើ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍​ជា​ច្រើន​ផង​ដែរ ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ទទួលខុសត្រូវ​ផ្នែក​ការងារ​ទំនាក់ទំនង​សាធារណ​មតិ​ឱ្យ​រាជរដ្ឋាភិបាល គឺ​បាន​ផ្តោត​ទៅ​លើ​ការ​រៀបចំ​ផែនការ​បណ្តុះបណ្តាល​ការ​ពង្រឹងសមត្ថភាព​ដល់​មន្ត្រី ។ ពីព្រោះ​ថា វិស័យ​សារព័ត៌មាន គឺ​មាន​សារៈសំខាន់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ដូច្នេះ ប្រសិនបើ​កម្រិត​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន និង​សោត​ទស្សន៍​មិន​មានគុណ​ភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​នោះ​នឹង​នាំ​ផល​លំបាក​នៃ​ការ​គ្រប់គ្រង​សាធារណ​មតិ ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ៖ បច្ចុប្បន្ន​នេះ យើង​ត្រូវ​ប​ន្ស៉ាំ​ទៅ​នឹង​ពិភពលោក ពោល គឺ​យើង​មិន​អាច​នៅ​ម្នាក់ឯង​នោះ​ទេ កាលណា​ចេះ​ភាសាបរទេស​ច្រើន​នឹង​ធ្វើ​ឱ្យ​យើង​រីក​ចម្រើន តាម​រយៈ​ការ​សិក្សា​ជ្រាវ ។

ជាមួយនឹង​ការ​បង្កើន​វគ្គ​បណ្តុះបណ្តាល​ភាសាបរទេស​នេះ មន្ត្រី​ព័ត៌មាន ត្រូវ​បង្កើន​ការ​រៀនសូត្រ​ផ្នែក​បច្ចេកទេស បច្ចេកវិទ្យា ដើម្បី​ឱ្យ​ដើម​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ។

ឯកឧត្តម​នេត្រ ភក្ត្រា បាន​បញ្ជាក់​បន្ថែម​ថា ការ​បណ្តុះបណ្ដាល​ភាសាបរទេស​ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន គឺជា​ការ​វិនិយោគ​លើ​ធនធានមនុស្ស និង​ជា​ការ​ពង្រឹង​សក្តានុពល​របស់​ស្ថាប័ន ដើម្បី​ឱ្យ​មន្ត្រី​មាន​សមត្ថភាព​ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសាបរទេស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​ដែល​ក្រសួង​មាន​ទៅ​កាន់​សាធារណជន​នៅ​ក្រៅប្រទេស​បាន​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព ។

ចំពោះ​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​ល្អ នឹង​ជួយ​ឱ្យ​មន្ដ្រី​អាច​ស្វែង​យល់​ពី​ប្រភព​ព័ត៌មាន​អន្តរជាតិ បកប្រែ និង​រៀបចំ​ខ្លឹម​សារព័ត៌​មានបាន​ត្រឹមត្រូវ ព្រមទាំង​សម្រប​សម្រួលការ​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន និង​ដៃគូ​អន្តរជាតិ ។

ជា​ពិសេស​សមត្ថភាព​នេះ អាច​រួមចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់លាស់ អំពី​ស្ថានភាព សក្ដានុពល ការ​អភិវឌ្ឍ និង​សមិទ្ធផល​នានា​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​៕