ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តតាកែវ ជំរុញការដ្ឋានស្ថាបនាផ្លូវខេត្តលេខ ១TK៨ ឱ្យស្របតាមស្តង់ដាបច្ចេក​ទេស

22 ម៉ោង មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦​នេះ លោក វី សំណាង អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​លើ​កិច្ច​ដំណើរការ​ស្ថាបនា និង​ជួសជុល ផ្លូវ​ខេត្ត​លេខ ១TK៨ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រ ឃុំ​គោក​ធ្លក ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ដើម្បី​ធានា​ឱ្យ​ការដ្ឋាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស និង​ឆាប់​រួចរាល់ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

​ដោយ​មានការ​ចូលរួម​ពី​លោក​ណុ​ប នី ប្រធាន​មន្ទីរ​សាធារណ​:​ការ​និង​ដឹក​ជញ្ជូន​ខេត្តតាកែវ ​ក្នុងការ​ចុះ​ពិនិត្យ​ការដ្ឋាន​នេះ លោក​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​តាម​ដងផ្លូវ និង​បាន​សំណេះសំណាល​សាកសួរ​ទុក្ខ​ព្រមទាំង​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នានា ជាមួយ​ក្រុមការងារ​បច្ចេកទេស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​រស់នៅ​អម​សងខាង​ផ្លូវ​ផង​ដែរ ។

លោក វី សំណាង បានអោយ​ដឹង​ថា រដ្ឋបាល​ខេត្តតាកែវ បាន​យកចិត្តទុកដាក់​ខ្ពស់​ជា​និច្ច​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គឺ​តែងតែ​ខិតខំ​ជំរុញ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​នានា ដូច​ជា​ផ្លូវថ្នល់ ស្ពាន និង​ប្រព័ន្ធ​ប្រ​ហស្ត​សាស្ត្រ​ជាដើម ព្រោះ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ទាំងនេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ការ​ដឹក​ជញ្ជូន​កសិផល និង​ទំនិញ​ផ្សេង​ៗ​របស់​ប្រជា ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​រលូន និង​ឆាប់រហ័ស​ទាន់​ពេលវេលា ។

លោក​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ​បច្ចេកទេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​កត្តា​គុណភាព ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​បាន​កំណត់ ដើម្បី​ធានា​ឱ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ភាព​ធន់​រឹង​មាំ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​។

លោក អភិបាលខេត្ត ក៏​បាន​ស្នើ​សុំ​ការ​យោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នេះ ចំពោះ​ការ​រំខាន​បន្តិចបន្តួច​ក្នុងអំឡុងពេល​នៃ​ការដ្ឋាន​កំពុង​ដំណើរការ​សាងសង់​នា​ពេល​នេះ ៕