សម្តេចបវរធិបតី ៖ ទ្វារមិនទាន់បិទសម្រាប់លោក អ៊ុំ សំអានចូលមកក្នុងស្រុក ដើម្បីជជែករឿងព្រំដែនជាមួយរាជរដ្ឋាភិបាល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទ្វារមិនទាន់បិទសម្រាប់លោក អ៊ុំ សំអាន មន្ត្រីបក្សប្រឆាំងដែលកំពុងនៅក្រៅ ប្រទេសចូលមកក្នុងស្រុកក្នុងការជជែករឿងព្រំដែនជាមួយតំណាងរាជរដ្ឋាភិបាល ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា ៖ ក្នុងរយៈពេលមួយសប្តាហ៍នេះ ខ្ញុំជាប់បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសបី នៅអាស៊ីកណ្ដាល រួមមានសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ សាធារណរដ្ឋកាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ។
សម្តេចធិបតី បានលើកឡើងថា ក្នុងអំឡុងមួយសប្តាហ៍នេះដែរ លោក អ៊ុំ សំអាន បានចេញសារជាបន្តបន្ទាប់ ដែលបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់ និងតាមរយៈការសម្ភាសជាមួយបណ្តាញព័ត៌មានគ្នាគាត់មួយចំនួន ដូចជាអាស៊ីសេរី ។ល។ ពាក់ព័ន្ធនឹងការជជែក ផ្ទៀងផ្ទាត់គ្នាអំពីព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង ៥៩ ។
ជារួម ទោះបីជាគាត់និយាយច្រើនក៏ដោយសាររបស់គាត់ គឺនៅដដែលៗ ដោយគាត់បង្ហាញថា ៖ ១. គាត់ខ្លាចមិនហ៊ានមកកម្ពុជា ទោះបីជាមានការធានាសុវត្ថិភាពច្បាស់លាស់ក៏ដោយ – គាត់ថា ខ្លាចគេចាប់ ខ្លាចគេលបបាញ់ ឬខ្លាចគេវាយបែកក្បាល ។ល។, ២. គាត់អត់មានមូលដ្ឋានភស្តុតាង ឬឯកសារព្រំដែនច្បាស់លាស់ទេ – គាត់និយាយ (ឬបង្ហើបថា) ភស្តុតាងរបស់គាត់បានមកពីលឺគេថា, លឺតាមព័ត៌មានដូចជាអាស៊ីសេរី និងចុងក្រោយថា គាត់អត់មានអ្វីច្បាស់លាស់ទេ ទាល់តែបារាំងបានមាន (ឆ្ងល់ដែរថា ពេលដែលគាត់ចោទរាជរដ្ឋាភិបាលថា កាត់ដីឱ្យថៃ តើផ្អែកលើមូលដ្ឋានអ្វីទៅវិញចឹង?), និង៣. ព្យាយាមគេចវេស តាមរយៈការបង្កើតលក្ខខណ្ឌនានា ដើម្បីបង្វែរពីការដែលគាត់ត្រូវចូលមកបង្ហាញភស្តុតាងដែលគាត់ចោទរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ នៅចន្លោះបង្គោលលេខ៥២-៥៩ ទៅជាការទាមទារឱ្យលើកលែងទោសឱ្យគាត់ទៅវិញ ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ៖ ទោះជាយ៉ាងនេះក្តី ក៏ទ្វារមិនទាន់បិទដែរ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងគោលបំណងបង្កលក្ខណៈឱ្យក្រុមការងារលោក អ៊ុំ សំអាន មានឱកាសជជែក ផ្ទៀងផ្ទាត់គ្នាជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល និងបង្ហាញឯកសារ និងភស្តុតាងនានាពាក់ព័ន្ធនឹងបង្គោលព្រំដែនលេខ ៥២-៥៩ ដែលគាត់មានជាពិសេស ដើម្បីកុំឱ្យប្រជាជនមានការមន្ទិលសង្ស័យ ព្រោះ លោក អ៊ុំ សំអាន បានចោទរដ្ឋាភិបាល និងមន្ត្រីព្រំដែនរដ្ឋាភិបាលម្តងហើយម្តងទៀត ថា បានធ្វើឱ្យបាត់ដីនៅតំបន់នោះ ខ្ញុំសូមផ្តល់នូវជម្រើសបន្ថែមមួយទៀត ក្នុងករណីដែលលោកខ្លាចមិនហ៊ានមកផ្ទាល់ ៖
– លោក អ៊ុំ សំអាន អាចចាត់តាំងតំណាង ឬក្រុមតំណាង ដែលអាចជាអ្នកមកពីក្រៅប្រទេសដែលមិនខ្លាចនឹងចូលមកជជែក ផ្ទៀងផ្ទាត់ជាមួយគ្នាតាមការអញ្ជើញរបស់ខ្ញុំ (ខ្ញុំផ្ដល់ការធានាដូចបានបញ្ជាក់រួចហើយចំពោះពួកគេ) ឬអាចជាអ្នកនៅក្នុងប្រទេសកម្ពុជាស្រាប់ក៏បាន ។ – ក្នុងករណីលោក អ៊ុំ សំអាន យល់ព្រមចាត់តាំងតំណាង ឬក្រុមតំណាងមកចូលរួម លោកត្រូវគោរពលក្ខខណ្ឌមួយចំនួន ៖
១. លោកត្រូវប្រគល់សិទ្ធិពេញលេញឱ្យ ពួកគេជាតំណាង លោក និងក្រុមលោកក្នុងការជជែក ផ្ទៀងផ្ទាត់ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ។
២. លោកត្រូវប្រគល់រាល់ឯកសារ ភស្តុតាង និងសាក្សីទាំងអស់ លោក និងក្រុមលោកមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ៥២-៥៩ ឱ្យទៅក្រុមតំណាង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការជជែក និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ ។
៣. ត្រូវទទួលស្គាល់ចំពោះរាល់ខ្លឹមសាររបស់តំណាង ឬក្រុមតំណាង ដែលលើកមកជជែកផ្ទៀងផ្ទាត់គ្នា និង៤. ត្រូវទទួលស្គាល់នូវលទ្ធផលនៃការជជែក ផ្ទៀងផ្ទាត់គ្នា ដែលតំណាង ឬក្រុមតំណាងរបស់លោកបានចូលរួម ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្រាប់រាជរដ្ឋាភិបាល គឺស្វាគមន៍ជម្រើសមួយណាក៏បាន – លោកដឹកនាំមកខ្លួនឯង (ដោយគ្មានលក្ខខណ្ឌដែលលោកបានលើកដើម្បីដោះខ្លួននោះ ព្រោះខ្ញុំធានាសុវត្ថិភាពលោក និងក្រុមលោករួចហើយ) ក៏បាន ឬចាត់តាំងតំណាង ឬក្រុមតំណាងរបស់លោកមកក៏បាន ។

ខ្ញុំសូមបញ្ជាក់ថា ការធានារបស់ខ្ញុំ ចំពោះសុវត្ថិភាពសម្រាប់លោក អ៊ុំ សំអាន និងក្រុមការងារ (បើលោកជំនះការខ្លាចរបស់លោកបាន) ឬសម្រាប់តំណាង និងក្រុមតំណាងរបស់លោក (ករណីលោកមិនហ៊ានមកផ្ទាល់) គឺមិនប្រែប្រួលទេ ។
សម្តេចបានគូសបញ្ជាក់ថា ៖ សង្ឃឹមថា លោក អ៊ុំ សំអាន ហ៊ានសម្រេចយកជម្រើសណាមួយ និងផ្តល់ចម្លើយត្រង់ៗក្នុងពេលឆាប់ៗដើម្បីជួយបញ្ចប់មន្ទិលរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ។ សង្ឃឹមផងដែរថា លោក អ៊ុំ សំអាន មិនបង្កើតហេតុផល ឬរកលេសផ្សេងៗទៀត ដើម្បីគេចមិនចូលរួមដូចកន្លងមកនោះទេ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀត ដើម្បីប្រទេសជាតិនិងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ ហើយខ្ញុំតែងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលធ្វើការដោះស្រាយបញ្ហាជាមួយភាគីថៃ ដោយការទទួលខុសត្រូវ ជាពិសេសនៅក្នុងដំណាក់កាល ដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញ និងមិនទាន់ដោះស្រាយរួច ។
ជាជាងត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងដូចជា ករណីនេះ ដែលខ្ញុំត្រូវឆ្លើយតប ព្រោះការចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ វាពិតជាធ្ងន់ធ្ងរពេក ដែលមិនអាចទទួលយកបាន ។ នៅថ្ងៃដដែលលោកអ៊ុំ សំអាន បានសរសេរលើបណ្តាញសង្គមថា ជូកឺលៀងបានផ្ញើសំលៀកបំពាក់ស្ត្រីយ៉ាងស្រស់ស្អាតឱ្យស៊ឺម៉ាអ៊ី បន្ទាប់ស៊ឺម៉ាអ៊ីកំសាក និងមិនហ៊ានចេញមកប្រកួតជាមួយជូកឺលៀង ។ ក្នុងនាមជាកូនប្រុសលោកហ៊ុន ម៉ាណែត មិនគួរកំសាកដូចស៊ឺម៉ាអ៊ីនោះទេ លោក ហ៊ុន ម៉ាណែត គួរតែគោរពពាក្យសម្តីរបស់ខ្លួនដែលថា នឹងផ្តល់ឱកាសមាសអោយខ្ញុំតាមរយៈការអញ្ជើញខ្ញុំទៅពិភាក្សាអំពីបញ្ហាព្រំដែននៅប្រទេសកម្ពុជា ។ ដើម្បីគោរពនូវពាក្យសម្តីរបស់ខ្លួន លោក ហ៊ុន ម៉ាណែត គួរធ្វើលិខិតអញ្ជើញខ្ញុំជាផ្លូវការ និងបើកផ្លូវអោយខ្ញុំចូលស្រុកខ្មែរដោយគ្មានការចាប់ខ្លួនតាមរយៈការស្នើទៅព្រះមហាក្សត្រ អោយលើកលែងទោសឱ្យខ្ញុំ ។
លោកបានបន្ថែមថា លោក ហ៊ុន ម៉ាណែត គួរពិភាក្សាជាមួយលោក ហ៊ុន សែន ម្តងទៀតអំពីបញ្ហានេះ ។ ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនហ៊ានបើកផ្លូវអោយខ្ញុំទៅប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ គឺមានន័យថា លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ការលើកឡើងរបស់ខ្ញុំដែលថា ថៃបានធ្វើរបងព្រំដែនបេតុង ដោយរំលោ.ភចូលដីខ្មែរនៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ ។
លោកបញ្ជាក់ថា ៖ ខ្ញុំកំពុងរង់ចាំឱកាសមាស ដែលលោក ហ៊ុន ម៉ាណែត សន្យាថា នឹងផ្តល់អោយខ្ញុំ។ ប្រសិនបើគ្មានការឆ្លើយតប ឬគ្មានការផ្ញើលិខិតអញ្ជើញជាផ្លូវការដល់ខ្ញុំ ក្នុងរយៈពេល២សប្តាហ៍ទៀត ខ្ញុំអាចនឹងផ្ញើសំលៀកបំពាក់ស្ត្រីយ៉ាងស្រស់ស្អាតមួយកំប្ល៉េជូនលោក ហ៊ុន ម៉ាណែត ដូចជូកឺលៀងបានផ្ញើសំលៀកបំពាក់ស្ត្រីយ៉ាងស្រស់ស្អាតអោយស៊ឺម៉ាអ៊ីដែរ ៕
ចែករំលែកព័តមាននេះ