ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​បន្ទប់​ជាន់​ទី​១ ​ផ្ទះសំណាក់​«​ម៉ី​ម៉ី​៣​ដុល្លារ​» ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ជាន់​ទី​១​ផ្ទះសំណាក់​«​ម៉ី​ម៉ី​៣​ដុល្លារ » ​សំណាងល្អ​ ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ព្រោះ​នៅ​ក្នុង​បន្ទប់​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​គ្មាន​មនុស្ស​ចូល​ទៅ​ស្នាក់​នៅឡើយ ។ ប៉ុន្តែ​បណ្ដាល​ឲ្យ​ខូចខាត​បន្ទប់​ខាងលើ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​នោះ ហើយ​ភ្លាម​ៗ​ដែរ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​អស់​១​រថយន្ត​ក៏​ពន្លត់​រលត់​ទៅ​វិញ ចំណែក​មូលហេតុ​ឆាបឆេះ សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ នៅផ្ទះ​សំណាក់​«​ម៉ី​ម៉ី​៣​ដុល្លារ » ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ឈ្មោះ​គឹ​ម សុទ្ធ ហើយ​នៅ​មុន​ពេល​កើតហេតុ​ ផ្ទះសំណាក់​នេះ​បាន​បើក​ទទួលភ្ញៀវ​ចូល​ទៅ​ស្នាក់​នៅ​ជា​ធម្មតា រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​មាន​ភ្លើង​ឆេះ​ចេញពី​បន្ទប់​១​ស្ថិត​នៅ​ជាន់​ទី​១ ។ ខណៈនោះ​មាន​ផ្សែងហុយ​ចេញ​ក្រៅ​យ៉ាង​ខ្លាំង ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ប៉ុន្តែ​ភ្លើង​មិន​រលត់​នោះ​ឡើយ ទើប​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ឲ្យ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​ពន្លត់ភ្លើង ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា ​ផ្ទះសំណាក់​ខាងលើ​ត្រូវ​ភ្លើង​ឆេះ​បែប​នេះ ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​នោះ​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​ខ្លាច​ភ្លើង​ឆេះ​រាល​ដល់​ផ្ទះ​ដែល​នៅ​ជាប់​ៗ​គ្នា​នោះ​ដែរ ។ បន្ទាប់​មក​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​អន្តរាគមន៍ ដោយ​បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ទៅ​បាញ់​ទឹក​ពន្លត់ភ្លើង ហើយ​ក្រោយ​ពេល​បាញ់​ទឹក​អស់​១​រថយន្ត​ភ្លើង​ក៏​រលត់​ទៅ​វិញ​ទាំងស្រុង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ពេល​ទៅ​ដល់​ពិ​និត្យ​ជាក់ស្ដែង​ ឃើញ​ថា​នៅ​ក្នុង​បន្ទប់​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​ពុំ​មាន​មនុស្ស​ស្នាក់​នៅ​នោះ​ទេ ទើប​មានការ​ធូរចិត្ត​បន្តិច​វិញ ។ ភ្លើង​បាន​ឆេះ​បំផ្លាញ​បន្ទប់​១ រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​នោះ​មាន​ដូច​ជា គ្រែ ពូក ខ្នើយ និង​កង្ហារ​ជាដើម ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​មានកា​េ​ឆាបឆេះ​នេះ សង្ស័យ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕​