រយៈពេលជិត២ខែ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិជិត៥០ករណីក្នុងឧទ្យានជាតិ«គិរីរម្យ»និងបញ្ជូន៥ករណីទៅតុលាការ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ត្រឹមតែរយៈពេលជិត២ខែ មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឧទ្យានជាតិ «គិរីរម្យ» បានសរុប៤៩ករណី ដកហូតដីព្រៃទន្ទ្រានបានជាង ២២ហិកតា ព្រមទាំងបញ្ជូន ៥ករណី ទៅតុលាការ ដើម្បីពង្រឹងការអនុវត្តច្បាប់ ១០០% និងអប់រំសហគមន៍ឱ្យរួមគ្នាអភិរក្សព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព ។

សេចក្តីរាយការណ៍ពីក្រសួងបរិស្ថាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នេះ បានសរសេរថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបន្តចុះល្បាត និងបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងឧទ្យានជាតិព្រះសុរាម្រឹត-កុសមៈគិរីរម្យ ។
ជាក់ស្តែង មន្ត្រីឧទ្យានុរក្សប្រចាំការនៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» បាននិងកំពុងបន្តចុះល្បាតយ៉ាងសកម្ម ព្រមទាំងបានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាប់ពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សរុបចំនួន ៤៩ករណី ក្នុងនោះរួមមាន ៖

១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៥៧ហិកតា ចំនួន ៣៤ករណី ក្នុងនោះបានរៀបចំសំណុំរឿង និងបញ្ជូនទៅតុលាការបាន ៥ករណី សរុបផ្ទៃដីទំហំ ២.៨៥ហិកតា ។
២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥១ហិកតា ចំនួន ៤ករណី៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន ១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី

៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម និង ៤សន្លឹក ចំនួន ៤ករណី៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ៤ករណី៦- បាញ់ថ្នាំសម្គាល់ព្រំដី ២ ករណីក្រសួងបរិស្ថានបានបញ្ជាក់ថា សកម្មភាពចុះពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសយ៉ាងម៉ឹងម៉ាត់ របស់មន្ត្រីឧទ្យានុរក្សនាពេលនេះ គឺធ្វើឡើងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងយុទ្ធសាស្ត្រទី២.១ ការបន្តពង្រឹងការអនុវត្តច្បាប់ ១០០% ជាពិសេសការជំរុញការកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ និងធានាបាននូវ «ភាពស្អាត ភាពបៃតង និងចីរភាព» សម្រាប់ជាឧត្តមប្រយោជន៍ដល់យុវជនជំនាន់ក្រោយ ។
ទន្ទឹមនឹងការអនុវត្តច្បាប់ មន្ត្រីឧទ្យានុរក្ស ក៏បានបន្តអប់រំផ្សព្វផ្សាយ ដល់សហគមន៍មូលដ្ឋានជុំវិញឧទ្យានជាតិគីរីរម្យ ឱ្យយល់ដឹងពីតម្លៃនៃការរួមគ្នា ការពារព្រៃឈើ និងសត្វព្រៃ ដែលជាប្រភពចំណូល តាមរយៈការអភិវឌ្ឍគោលដៅលម្ហែបៃតង និងការរស់នៅដោយចីរភាព ៕



ចែករំលែកព័តមាននេះ