បូមទឹកដាក់ស្រែអស់ប្រេងទុកគោយន្តចោលនៅក្បែរប្រឡាយ ត្រូវលោកចោរលួចក្បាលគោយន្តទៅបាត់ទាំងយប់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ គោយន្តមួយគ្រឿងដែលម្ចាស់បើកយកទៅបូមទឹកដាក់ស្រែត្រូវលោកចោរលួចយកក្បាលម៉ាស៊ីនទៅបាត់ នៅសល់តែរ៉ឺម៉ក (កន្ទុយ) កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ តុលា នៅចំណុច «ចាក់អង្កាម» ស្ថិតក្នុងភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខណៈដែលម្ចាស់មិនបានបើកយកទៅផ្ទះ ហើយទុកនៅកន្លែងបូមទឹក ។

លោក ព្រឿង សារឿន អាយុ៥៩ឆ្នាំ ជាម្ចាស់គោយន្តបាននិយាយថា គាត់បានបើកគោយន្តទៅបូមទឹកដាក់ស្រែនៅប្រឡាយខាងមុខផ្ទះប្រហែល០៣ថ្ងៃហើយ ។ នៅថ្ងៃកើតហេតុ គាត់បានបូមទឹកបញ្ចូលស្រែរហូតដល់ព្រលប់ ហើយពេលនោះ គោយន្តអស់ប្រេង មិនបានបើកយកទៅផ្ទះទេ គឺទុកនៅមាត់ប្រឡាយ(កន្លែងបូម)នៅខាងមុខផ្ទះទាំងក្បាលទាំងរ៉ឺម៉ក់ ។ លុះព្រឹកឡើង ពេលគាត់ទិញប្រេងយកទៅចាក់គោយន្ត ដើម្បីបូមទឹកបន្តទៀត ពេលទៅដល់ក៏បាត់ក្បាលគោយន្ត ឃើញតែរ៉ឺម៉ក ទើបមានការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយមក គាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល ឃុំស្នឹងភ្លាមៗដែរ ដើម្បីសុំឱ្យសមត្ថិកិច្ចជួយអន្តរាគមន៍ ប៉ុន្តែ មកទល់នឹងពេលនេះ សមត្ថកិច្ចពុំទាន់មានតម្រុយពីមុខសញ្ញាចោរនៅឡើយទេ ។
លោក ហេង បារាំង អធិការស្រុកបាណន់បានប្រាប់តាមទូរស័ព្ទថា មន្ត្រីបុស្ដិ៍រដ្ឋបាល បានទទួលបណ្ដឹងជនរងគ្រោះហើយ ។ សំនួរកោះសន្តិភាព៖ តើរហូតមកដល់ពេលនេះ សមត្ថកិច្ចមានតម្រុយពីជនសង្ស័យខ្លះទេ ? ចម្លើយ លោកអធិការ៖ «មន្ត្រីជំនាញ កំពុងធ្វើការស្រាវជ្រាវប្រមូលព័ត៌មាន ។ បើប្រមូលព័ត៌មានបានជុំហើយ បូកសរុបរាយការណ៍ជូនថ្នាក់លើ» ។

ជុំវិញអំពើ «ចោរកម្ម លួចក្បាលគោយន្ត» នេះ បើតាមម្ចាស់គោយន្តបាននិយាយថា មានសាក្សីបានឃើញពួកចោរលួចគោយន្តខាងលើនេះ ។ សាក្សីប៉ុន្មាននាក់ដែលបានប្រទះឃើញពួកចោរលួចគោយន្តនោះ នៅពេលពួកគាត់កំពុងអង្គុយផឹក ។ ម្ចាស់គោយន្តបានដកស្រង់សម្ដីសាក្សីថា នៅម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ តុលា ពួកគាត់កំពុងអង្គុយជុំគ្នា បានឃើញមនុស្ស០២នាក់ជិះម៉ូតូបិទភ្លើង ហើយមានសណ្ដោងក្បាលគោយន្តផង អូសតាមផ្លូវមាត់ប្រឡាយពីទិសខាងត្បូង ឆ្ពោះទៅខាងជើង ប៉ុន្តែគេមិនដឹងថា តើជាចោរឬយ៉ាងណាទេ ? ប៉ុន្តែពួកគេបានជិះម៉ូតូបិទភ្លើង ហើយអូសក្បាលគោយន្ត ដែលអាចសង្ស័យថា ជាពួកចោរលួចក្បាលគោយន្តនោះហើយ។
មានការកត់សម្គាល់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ អំពើ «ចោរកម្ម» បានកើតឡើងផ្ទូនៗ ដូចជាគាស់ទម្លុះទម្លាយលំនៅឋាន នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លួចយកកង្ហា និងម៉ាស៊ីនត្រជាក់ ។ គាស់ទម្លុះទម្លាយតូបលក់ដូរ នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង លួចយកអីវ៉ាន់អស់គ្មានសល់ ។ ក្រោយកើតហេតុ ស្ទើរគ្រប់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងសុំជំនួយពីសមត្ថកិច្ចផង និងថតបង្ហោះតាមបណ្ដាញសង្គមផង ដើម្បីតាមរកមុខចោរ ៕

ចែករំលែកព័តមាននេះ