ឡានក្រុងដឹកអ្នកដំណើរជាង៣០នាក់ រេចង្កូតបុ.ករះតូបលក់ដូរតាមចិញ្ចើមផ្លូវជាតិលេខ៤
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ តូបលក់កាហ្វេ និងតូបលក់ដូរទំនិញផ្សេងៗលើចិញ្ចើមផ្លូវជាតិលេខ៤ បានរងការខូចខាត ដោយសារត្រូវរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង រេចង្កូតបុករះ ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅចិញ្ចើមផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦កន្លងទៅ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ។
អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣C-៣៣៩១ បើកបរដោយបុរសឈ្មោះ ប៉ាន់ ចាន់ណា អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានដឹកអ្នកដំណើរចំនួន៣៣នាក់(ស្រី១១នាក់) បើកបរតាមផ្លូវជាតិលេខ៤ ពីខាងកើតទៅខាងលិច ។
លុះពេលទៅដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុករះតូបលក់ដូរក្បែរនោះបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន ។ ប៉ុន្តែសំណាងល្អ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ពុំមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះទេ ដោយសារតែកើតឡើងនៅវេលាព្រឹក មិនទាន់មានការរៀបចំលក់ដូរនៅឡើយ ។
លោកអធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា រថយន្តធុនធំ១គ្រឿងនេះបានគេចឧបសគ្គខាងមុខ ទើបរេចង្កូតបុកតែម្ដង ។ ចំណុចកើតហេតុនេះ សមត្ថកិច្ចនិងអាជ្ញាធរ តែងបានចុះណែនាំ អប់រំ ហាមឃាត់ក្រុមអ្នកលក់ដូរដែលបានយកដីចំណីថ្នល់ដាក់តូបលក់ដូរ ព្រោះមានហានិភ័យខ្លាំងណាស់ ។
ក្រោយកើតហេតុ រថយន្ដត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីដោះស្រាយតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ