ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​ខេត្តព្រៃវែង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពាម​រក៍ រុះរើ​លូ​ស្បៃ​មុង ១៩ មាត់ និង​លែង​កូន​ត្រី​ចំរុះ​ជាង ៤០ គីឡូ​ចូល​បឹង​ធម្មជាតិ​វិញ

1 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង សហការ​ជាមួយ​សហគមន៍​នេសាទ និង​រដ្ឋបាល​ស្រុក​ពាម​រក៍ បាន​ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ឃុំ​បា​បោង ស្រុក​ពាម​រក៍ ដោយ​រុះរើ​ឧបករណ៍​នេសាទ​ស្បៃ​មុង​ខុសច្បាប់​ជា​ច្រើន​ខ្សែ និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​ជាង ៤០ គីឡូក្រាម ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ តុលា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សា​វី នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ស្ទឹង​ស្លូត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រោម​ឱវាទ និង​សហគមន៍​នេសាទ​បា​បោង សរុប​ចំនួន ១០ នាក់ ប្រើប្រាស់​កាណូត​ចំនួន ២ គ្រឿង​។

ការ​ចុះ​ប្រតិបត្តិការ​នេះ មាន​គោលបំណង​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ ព្រមទាំង​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ជលផល​ក្នុង​តំបន់​ឱ្យ​មាន​និរន្តរភាព ជា​ពិសេស​ការពារ​កូន​ត្រី និង​ធនធាន​ជលផល​សម្រាប់​ការ​បន្ត​ពូជ និង​ការ​រីក​លូតលាស់​តាម​បែប​ធម្មជាតិ​។

ជា​លទ្ធផល កម្លាំង​ចម្រុះ​បាន​រក​ឃើញ និង​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន ១ ករណី ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្បៃ​មុង​ខុសច្បាប់ ដោយ​បាន​រុះរើ និង​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង រួម​មាន លូ​ស្បៃ​មុង​ចំនួន ១៩ មាត់ របាំង​ព្រួល​ស្បៃ​មុង​ប្រវែង ១.២០០ ម៉ែត្រ និង​បង្គោល​ចម្រឹង​ចំនួន ៧៨០ ដើម​។ ជាមួយ​គ្នា​នេះ កម្លាំង​ជំនាញ​បាន​ចាក់​លែង​កូន​ត្រី​ចម្រុះ​ទម្ងន់​ជាង ៤០ គីឡូក្រាម ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ ដើម្បី​បន្ត​ការ​លូតលាស់ និង​បង្កើន​ធនធាន​ត្រី​ក្នុង​តំបន់​។

ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តព្រៃវែង បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ចុះ​ល្បាត ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ខុសច្បាប់​ជា​ប្រចាំ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​អនុវត្ត​តាម​ច្បាប់ និង​វិធានការ​ជំនាញ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ និង​ធានា​នូវ​និរន្តរភាព​ធនធាន​ជលផល​សម្រាប់​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ​៕