ទីក្រុងប៊ូការ៉ែស៖ យោធារ៉ូម៉ានីទើបតែបាញ់ទម្លាក់ដ្រូន២គ្រឿងនៅលើសមុទ្រខ្មៅដោយប្រើប្រាស់យន្តហោះចម្បាំងម៉ាក F-16។ នេះជាព្រឹត្តិការណ៍ថ្មីបំផុតពាក់ព័ន្ធនឹងការជ្រៀតចូលដែនអាកាសប្រទេសជាសមាជិកអង្គការណាតូពីសំណាក់ដ្រូនរបស់ប្រទេសដទៃ។ រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោករ៉ាឌូ មីរូតា (Radu Miruta) ថ្លែងថាដ្រូនទីមួយហោះចូលដែនអាកាសរ៉ូម៉ានីនៅវេលាម៉ោង៥:៥៩ល្ងាច ហើយត្រឹមតែ២នាទីប៉ុណ្ណោះក៏ត្រូវយន្តហោះបាញ់ទម្លាក់នៅត្រង់ចំណុចមួយស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងស៊ូលីណា (Sulina)។

ដ្រូនទីពីរហោះចូលទីតាំងដដែល ហើយត្រូវបានបាញ់ទម្លាក់នៅវេលាម៉ោង៦:០៥ល្ងាច។ ពោលគឺបន្ទាប់ពីហោះចូលដែនអាកាសរ៉ូម៉ានីបានរយៈពេល៥នាទី។ ដ្រូននេះត្រូវបានបាញ់ទម្លាក់នៅចំណុចមួយស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រភាគខាងកើតទីក្រុងស៊ូលីណា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ យន្តហោះ F-16 ពីរគ្រឿងបានចេញប្រតិបត្តិការបាញ់ទម្លាក់ដ្រូនទាំង២នោះបន្ទាប់ពីយន្តហោះទាំងនេះប្រមូលផ្ដុំគ្នានៅមូលដ្ឋានទ័ពអាកាសប័រសៀ (Borcea) ក្បែរទីក្រុងហ្វេតេស្ទី (Fetesti)។

យន្តហោះទាំង២គ្រឿងត្រូវចេញប្រតិបត្តិការបន្ទាប់ពីប្រព័ន្ធរ៉ាដាចាប់បានរូបភាពថាមានដ្រូនហោះចូលដែនអាកាស។ ក្រោយមក ក្រសួងប្រកាសថានោះជាប្រភេទដ្រូនប្រើប្រាស់សម្រាប់វាយប្រហារ និងបំពាក់ម៉ាស៊ីនកម្លាំងខ្លាំងដូចយន្តហោះ។ រដ្ឋមន្ត្រីការបរទេសរ៉ូម៉ានីបង្ហោះសារនៅលើបណ្ដាញអ៊ិចថាសមុទ្រខ្មៅប្រៀបដូចជាសរសៃឈាមដ៏សំខាន់នៃលំហសមុទ្រសម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ថាមពល និងវត្ថុធាតុដើមបម្រើឱ្យវិស័យឧស្សាហកម្ម។

ហេតុនេះ ការធ្វើឱ្យតំបន់នេះមានស្ថិរភាពជារឿងសំខាន់ណាស់សម្រាប់ធានាសន្តិសុខស្បៀង និងថាមពល។ លោកស្រីបញ្ជាក់បន្ថែមទៀតថាអង្គការណាតូនឹងពិភាក្សាគ្នាអំពីការការពារ និងទប់ទល់នៅសមុទ្រខ្មៅនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។ សមុទ្រខ្មៅនឹងមានសុវត្ថិភាពឡើងវិញ។ ប្រទេសរ៉ូម៉ានីស្ថិតនៅស្លាបខាងកើតរបស់អង្គការណាតូ ហើយងាយនឹងទទួលរងការគំរាមកំហែងផ្នែកសន្តិសុខពីសំណាក់សង្គ្រាមអ៊ុយក្រែន។ នៅដំណាក់កាលចុងក្រោយ រ៉ូម៉ានីទទួលរងការជ្រៀតចូលដែនអាកាសពីសំណាក់ដ្រូនរបស់ប្រទេសដទៃកាន់តែញឹកញាប់ជាងមុន៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ