សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំណោយមនុស្សធម៌ ជូនគ្រួសារស.ពវរសេនីយ៍ត្រី សំ ហ៊ន
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដឹកនាំដោយការយកចិត្តទុកដាក់ពីលោក សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខា បានចាត់លោក ខេង ទិត្យសីហា ហេរញ្ញិក គណៈកម្មាធិការសាខា និងជានាយកសាខា រួមជាមួយតំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសៀមប៉ាង ចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី សំ ហ៊ន ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យដោយសារជំងឺ។
ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅគេហដ្ឋានសព ស្ថិតក្នុងភូមិញាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង (ផ្ទះគំរូលេខ២២១) កោះទន្សាយ ជិតបង្គោលព្រំដែនលេខ ០៧៨។ តាមព័ត៌មានដែលទទួលបាន លោកវរសេនីយ៍ត្រី សំ ហ៊ន មានភារកិច្ចប្រចាំការនៅគោលដៅប្រាំមករា-អណ្ដើកមាស ទិសទី១ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោក ខេង ទិត្យសីហា បានពាំនាំនូវសាររំលែកទុក្ខ និងការសោកស្តាយយ៉ាងក្រៀមក្រំពីសំណាក់លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារកងទ័ពដែលបំពេញភារកិច្ចនៅជួរមុខ។
លោកបានបញ្ជាក់ពីស្មារតីមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានផ្តល់ជូនគ្រួសារសព រួមមាន អង្ករ ៥០ គីឡូក្រាម មី ២ កេស ត្រីខ ២ យួរទឹកបរិសុទ្ធ ២ កេស និងថវិកាចំនួន ១.០០០.០០០ រៀល ៕



ចែករំលែកព័តមាននេះ