ការត្អូញត្អែរសង្គម ដែលកើតមានចាប់តាំងពី១ខែមកហើយ នៅក្រុងតែលអាវីវ និងក្រុងហ្សេរុយសាឡេមនោះ ពេលនេះបានរាលដាលដល់ទីក្រុងឯទៀតៗហើយ។
បាតុកម្មថ្មីៗប្រឆាំងទំនិញឡើងថ្លៃជាចលនាមួយពុំធ្លាប់មានពីមុនមក ហើយធ្វើឱ្យកក្រើកអ៊ីស្រាអែលចាប់តាំងពី១ខែមកហើយ កាលពីយប់ថ្ងៃទី១៣ សីហា ចូលរួមដោយមនុស្សជាច្រើនសិបពាន់នាក់ក្នុងទីក្រុងអ៊ីស្រាអែលចំនួន១២នៅខាងក្រៅក្រុងតែលអាវីវ និងក្រុងហ្សេរុយសាឡឹម។ មនុស្សប្រមាណជា៧០.០០០នាក់បានប្រមូលផ្តុំគ្នាក្នុងទូទាំងប្រទេស។ នេះបើតាមការវាយតម្លៃរបស់ប៉ូលិស។
លោក STAV SHAFIR មេដឹកនាំចលនាបាតុកម្មម្នាក់និយាយថា គោលបំណងសំខាន់របស់យើងគឺដើម្បីបង្ហាញថា ប្រជាជនរួបរួមគ្នាហើយយើងរស់នៅក្នុងប្រទេសតែមួយជាមួយគ្នា និងថា គេត្រូវធ្វើអ្វីគ្រប់យ៉ាង ដើម្បីលុបបំបាត់ចោលគម្លាតសង្គម។ មនុស្សច្រើនបំផុតប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅក្រុងហៃហ្វា ភាគខាងជើងអ៊ីស្រាអែលជាមួយនឹងបាតុករជាង៣០.០០០នាក់។ នៅក្រុង BEERSHEVA (ភាគខាងត្បូង) មានបាតុករ ជាង១០.០០០នាក់។
នៅឯទីលានធំមួយនៃទីក្រុង BEER-SHEVA បដាយ៉ាងធំមួយត្រូវបានលើកដោយសរសេរថា «ប្រជាជនអ៊ីស្រាអែលភ្ញាក់រលឹកហើយ»។ ចំណែកពួកបាតុករបានលើកពាក្យស្លោកនានាសរសេរថា «អ៊ីស្រាអែលទំនិញឡើងថ្លៃ» «ភាគខាងត្បូងប្រទេសកំពុងមានកំហឹង» ។ បាតុកម្មក៏កើតមានផងដែរនៅ ក្រុងអាហ្វូឡា ហ្គាលីឡេ និងនៅភាគខាងជើង ក្រុងម៉ូឌីអ៊ីន (ភាគកណ្តាល) ព្រមទាំងក្រុង EILAT (ចុងខាងត្បូង) ៕
ចែករំលែកព័តមាននេះ