ទីក្រុងតេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកអារ៉ាក់ឈី ថ្លែងថារដ្ឋាភិបាលរបស់លោកមិនសុខចិត្តលក់អធិបតេយ្យភាពជាតិខ្លួនឯងដោយសារការគាបសង្កត់ពីប្រទេសដទៃឡើយ។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកត្រៀមខ្លួនចូលតុចរចាដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងការធានាប្រកបដោយភាពប្រាកដប្រជា។ លោកថ្លែងដូចខាងលើនេះនៅឯកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃប្រទេសជាសមាជិក «អង្គការសហប្រតិបត្តិការឥស្លាម» ដែលរៀបចំនៅទីក្រុងបាក់ដាត ប្រទេសអុីរ៉ាក់។

លោកថ្លែងថាអុីរ៉ង់មិនអាចទទួលយកបានឡើយនូវការបង្ខិតបង្ខំ ការគំរាមកំហែង ឬការបំភិតបំភ័យ។ លោកបញ្ជាក់ជាថ្មីថាជាជំហររបស់រដ្ឋាភិបាលរបស់លោកគឺចង់ធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍កាត់តាមច្រកសមុទ្រហ័រម៉ូស។ លោករំលឹកថាមុនពេលផ្ទុះសង្គ្រាមអុីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ច្រកសមុទ្រនេះបើកយ៉ាងទូលំទូលាយសម្រាប់ការធ្វើចរាចរណ៍។ លោកថាអុីរ៉ង់បានបញ្ជូនផែនការសន្តិភាពដ៏ប្រាកដប្រជាមួយតាមរយៈប្រទេសកាតាដើម្បីឱ្យអាមេរិកយកទៅពិនិត្យ និងពិចារណា។

អុីរ៉ង់គូសបញ្ជាក់នៅក្នុងសំណើនោះថាប្រសិនបើអាមេរិកយល់ព្រមទទួលយកលក្ខខណ្ឌរបស់អុីរ៉ង់ យ៉ាងយូរត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ច្រកសមុទ្រហ័រម៉ូសនឹងបើកដំណើរការដូចធម្មតាឡើងវិញ។ លោកយល់ថាអ្វីៗស្រេចនៅលើអាមេរិកជាអ្នកជ្រើសរើសទៅចុះ។ លោកចង់សង្កត់ធ្ងន់ថាអុីរ៉ង់នឹងបន្តការពារប្រជាជនរបស់ខ្លួន អធិបតេយ្យភាពជាតិរបស់ខ្លួន និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនតាមគ្រប់មធ្យោបាយទាំងអស់។

លោកអះអាងថាអុីរ៉ង់ពុំដែលវាយប្រហារប្រទេសជិតខាងរបស់ខ្លួនម្ដងណាឡើយ។ លោកចង់មានន័យថាអុីរ៉ង់វាយតែមូលដ្ឋានយោធារបស់អាមេរិក និងទីតាំងរបស់អាមេរិកប៉ុណ្ណោះដែលស្ថិតនៅក្នុងប្រទេសទាំងនោះ។ ហេតុនេះ លោកសំណូមពរឱ្យប្រទេសទាំងនោះប្រើប្រាស់ដែនដីរបស់ខ្លួន ដែនអាកាសរបស់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនសម្រាប់ថែរក្សាសន្តិសុខនៅក្នុងតំបន់ ហើយមិនត្រូវបណ្ដោយឱ្យរដ្ឋដទៃប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាទីតាំងវាយប្រហារទៅលើប្រទេសជិតខាងនោះឡើយ៕ ប្រភព៖ Xinhua

ចែករំលែកព័តមាននេះ