ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​តវ៉ា​នៅ​​បារាំង​​ក្លាយ​ជា​អំពើ​ហិង្សា​ដ៏​ធ្ងន់​ធ្ងរ​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​រាប់​ទស​វត្សរ៍​ចុង​ក្រោយ

1 ខែ មុន

ទី​ក្រុង​ប៉ារីស៖ ចលនា​បាតុកម្ម​ផ្ទុះ​ឡើង​ព្រម​ៗ​គ្នា​នៅ​តាម​ទី​ក្រុង​តូច​ធំ​នានា​ទូទាំង​ប្រទេស​បារាំង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​គិត​គូរ​អំពី​បញ្ហា​ថ្លៃ​ចំណាយ​កាន់​តែ​ច្រើន​ឡើង​ៗ​លើ​ជីវភាព​​​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​បញ្ហា​ដែល​រដ្ឋ​កាត់​បន្ថយ​សេវា​សា​ធារណៈ​។ ឥឡូវ​នេះ ភាព​រំជើប​រំជួល​នៃ​បាតុកម្ម​ឈាន​ដល់​ដំណាក់​កាល​គ្រប់​គ្រង​លែង​បាន​ទៅ​ហើយ​នៅ​ទី​តាំង​មួយ​ចំនួន​។ ពេល​ខ្លះ ការ​តវ៉ា​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ដ៏​ធ្ងន់​ធ្ងរ​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​ចុង​ក្រោយ​។

ជា​ការ​ពិត មនុស្ស​រាប់​សែន​នាក់​តវ៉ា​ដោយ​សន្តិ​វិធី​នៅ​តាម​ដង​វិថី​នានា។​​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​ក្រុម​​ដែល​និយម​ចូល​ចិត្ត​ប្រើ​ប្រាស់​អំពើ​ហិង្សា​ផង​ដែរ​។ ក្រុម​នេះ​វាយ​បំផ្លិច​បំផ្លាញ​អគារ​សា​ធារណៈ ​លួច​ទ្រព្យ​សម្បត្តិ​ និង​​លួច​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​នគរ​បាល​ និង​​យាន​ជំនិះ​របស់​នគរ​បាល​។ សាលា​ក្រុង​​​​លីម៉ូស (Limoges) ត្រូវ​គេ​ដុត​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​, នៅ​ទី​ក្រុង​ម៉ាក​សី (Marseille) ក្រុម​បាតុករ​ស្លៀក​ពាក់​ឈុត​ខ្មៅ​វាយ​សម្រុក​ចូល​អគារ​សាលា​ក្រុង និង​យក​ទឹក​ថ្នាំ​គូស​វាស​ក្រវេម​ក្រវាម​យ៉ាង​អនាធិប​តេយ្យ​, នៅ​ទី​ក្រុង​លីយ៉ុង​ ក្រុម​បាតុករ​ដុត​អគារ​មន្ទីរ​ទេសចរណ៍​​។ ​

នាយក​រដ្ឋ​មន្ត្រី​បារាំង​ លោក​ឡឺ​គ័រ​នូ ថ្លែង​ថា​រដ្ឋាភិបាល​មិន​អាច​បណ្ដោយ​ឱ្យ​គេ​ប្រើ​ការ​គំរាម​កំហែង​របៀប​នេះ​ទេ​។ លោក​ដាក់​ការ​ស្ដី​បន្ទោស​ថា​ចលនា​បាតុ​កម្ម​នេះ​កើត​ឡើង​ដោយ​សារ​ការ​ចាក់​រុក​ពី​ក្រុម​ឆ្វេង​និយម និង​ក្រុម​ឧក្រិដ្ឋ​ជន​។ ពួក​គេ​ឆ្លៀត​ឱកាស​ធ្វើ​រឿង​នេះ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅ​ឆ្នាំ​ក្រោយ​។ លោក​​សូម​ផ្ដាំ​ទៅ​ពួក​អ្នក​ដែល​ចង់​ប្រើ​ប្រាស់​អំពើ​ហិង្សា​នេះ​ដើម្បី​ជា​ការ​ស្ទង់​ចិត្ត​មុន​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​ថា «យើង​នឹង​មិន​អនុញ្ញាត​​គេ​ឱ្យ​គំរាម​កំហែង​យើង​បាន​ឡើយ»​។

គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ធ្វើ​ជា​របៀប​វារៈ​នយោបាយ​​នោះ​ទេ​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​លោក​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​។ លោក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​រហូត​មក​ដល់​ពេល​នេះ សមត្ថ​កិច្ច​ចាប់​ខ្លួន​មនុស្ស​១២០០​នាក់​។ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​បារាំង​ថ្លែង​ថា​មនុស្ស​សរុប​៥៥​ម៉ឺន​នាក់​កំពុង​ហែ​មហា​បាតុ​កម្ម​ទូទាំង​ប្រទេស​។ ក្រុម​សហ​ជីព​អះ​អាង​ថា​ចំនួន​អ្នក​តវ៉ា​ពិត​ប្រាកដ​មាន​រហូត​ដល់​៨០​ម៉ឺន​នាក់​ឯណោះ​។ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ ព្រមាន​ថា​នឹង​កាត់​ទោស ហើយ​នឹង​ផ្ដន្ទា​ទោស​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​៕ ប្រភព៖ Reuters