ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថា​រុស្ស៊ី​ប្រែ​ក្លាយ​ទី​ក្រុង​អូឡេស្គី​ទៅ​ជា​អន្ទាក់​មរណៈ​ និង​ស្នើ​​ឱ្យ​អន្តរ​ជាតិ​ជួយ​នៅ​ក្នុង​រឿង​នេះ

1 ខែ មុន

ទី​ក្រុង​កៀវ៖ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី​ ស៊ីប៊ីហា (Andri Sybiha) ថ្លែង​ថា​កង​ទ័ព​រុស្ស៊ី​ដែល​កំពុង​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​អូឡេស្គី (Oleshky) កំពុង​ប្រែ​ក្លាយ​ទី​នោះ​ជា​អន្ទាក់​មរណៈ​ដោយ​សារ​ការ​​អត់​អាហារ​។ លោក​សូម​ជំរុញ​ឱ្យ​ស្ថាប័ន​អន្តរ​ជាតិ​នានា​ជួយ​រំដោះ​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​នេះ​ចេញ​ពី​ទី​នោះ​ផង​។ លោក​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​នៅ​លើ​បណ្ដាញ​អ៊ិច​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ពូទីន​សន្យា​តាម​រយៈ​ការ​សន្ទនា​ជា​មួយ​សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ឡេ​អូ​ថា​នឹង​សហ​ការ​​ក្នុង​ការ​បញ្ជូន​ជំនួយ​សំខាន់​ៗ​ទៅ​ទី​ក្រុង​នៅ​តំបន់​ខឺសុន​មួយ​នេះ​​។

លោក​ស៊ីប៊ី​ហា​សរ​សេរ​រៀប​រាប់​ថា​ពួក​រុស្ស៊ី​កំពុង​ព្យាយាម​ប្រែ​ក្លាយ​ទី​ក្រុង​អូឡេស្គី​របស់​អ៊ុយ​ក្រែន​ទៅ​​ជា​អន្ទាក់​មរណៈ​, មន្ទីរ​ពេទ្យ​នៅ​ទី​នោះ​អស់​ថ្នាំ​សម្រាប់​ព្យាបាល​, សាក​សព​មនុស្ស​រាប់​សិប​នាក់​ដេក​រដូក​រណែល​ពេញ​ដង​ផ្លូវ​ ឬ​នៅ​តាម​ផ្ទះ​, មូល​ហេតុ​ដោយ​សារ​រុស្ស៊ី​ហាមឃាត់​ប្រជាជន​មិន​​ឱ្យ​បញ្ចុះ​សាក​សព​ទាំង​នោះ​ទេ​។ លោក​សរ​សេរ​ថា​មនុស្ស​នៅ​ក្នុង​គ្រួសារ​ជា​ច្រើន​កំពុង​តែ​អត់​អាហារ​, ពួក​គេ​អាច​បន្ត​ជីវិត​ដោយ​សារ​ការ​បរិភោគ​បន្លែ​នៅ​ក្នុង​ចម្ការ​ អាការ​ក្រៀម​ និង​ជួន​កាល​ត្រូវ​បរិភោគ​ខ្យង​។ល។​

អ៊ុយ​ក្រែន​ធ្លាប់​បាន​អំពាវ​នាវ​ជា​ច្រើន​ដង​ហើយ​ថា​គួរ​ជម្លៀស​​ប្រជា​ជន​ចេញ​ពី​ទី​នោះ​ដោយ​សុវត្ថិ​ភាព​ និង​ស្នើ​សុំ​ឱ្យ​​មាន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ពី​អង្គ​ការ​អន្តរ​ជាតិ​នានា​។ គេ​មិន​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​​ឆ្លើយ​តប​ទៅនឹង​ការ​អំពាវ​នាវ​នេះ​ទេ​។ កាល​ពី​ខែ​កញ្ញា វិមាន​ក្រឹម​ឡាំង​ទទួល​ស្គាល់​​​ថា​ទី​ក្រុង​អូឡេស្គី​ពិត​ជា​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​ខាត​ស្បៀង​អាហារ​ និង​ការ​ផ្គត់​ផ្គង់​ថ្នាំ​ពេទ្យ​មែន​។ ប៉ុន្តែ​ក្រឹម​ឡាំង​អះ​អាង​ថា​យោធា​រុស្ស៊ី​ក៏​កំពុង​ខិត​ខំ​ខ្នះ​ខ្នែង​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ផង​ដែរ​។ យោធា​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​ដ្រូន​បញ្ជូន​ស្បៀង​អាហារ​ និង​ថ្នាំ​ពេទ្យ​ចូល​ទី​ក្រុង​នេះ​ចំនួន​២​ដង​រួច​មក​ហើយ​។

លោ​កស៊ីប៊ីហា​សូម​ជំរុញ​ឱ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គណៈ​កម្ម​ការ​កាក​បាទ​ក្រហម​អន្តរ​ជាតិ​ និង​ស្ថាប័ន​ដទៃ​ទៀត​ជួយ​​បង្កើត​តំបន់​ច្រក​របៀង​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​ទី​នោះ​​ និង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់​។ ទី​ក្រុង​អូឡេស្គី​ស្ថិត​នៅ​ត្រើយ​ខាង​កើត​ទន្លេ​ឌីនីប្រូ​ នៃ​តំបន់​ខឺសុន​ដែល​រុស្ស៊ី​ចូល​កាន់​កាប់​​​​មួយ​ផ្នែក​ធំមិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សង្គ្រាម​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២២​។ ក្រោយ​មក អ៊ុយ​ក្រែន​បើក​យុទ្ធ​នា​ការ​វាយ​បក​ និង​ដណ្ដើម​បាន​មក​វិញ​នូវ​ទឹក​ដី​មួយ​ចំណែក​ធំ​ រួម​ទាំង​ទី​ក្រុង​ខឺសុន​ផង​ដែរ​៕ ប្រភព៖ Reuters