ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ។
ជនសង្ស័យទាំង០២នាក់ រួមមាន ៖
១-ឈ្មោះ ជា សុខាន់ ហៅ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ)។
២-ឈ្មោះអ៊ី ថានិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់) ។
ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន០៣ថង់កិប ទម្ងន់ ២១,៦៥ក្រាម, ម៉ូតូ ចំនួន០២គ្រឿង, ទូរសព្ទដៃ ចំនួន០២គ្រឿង ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀន មកលក់ផង និងប្រើប្រាស់ដោយខ្លួនផង ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ