សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការស្រកទម្ងន់មិនអាស្រ័យតែលើការញ៉ាំតិច ឬហាត់ប្រាណច្រើនប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងរបបអាហារ ទម្លាប់រស់នៅ ការគេង និងសុខភាពទូទៅ។ ការកែប្រែទម្លាប់ឱ្យបានត្រឹមត្រូវ និងធ្វើជាប្រចាំ អាចជួយឱ្យការគ្រប់គ្រងទម្ងន់មានប្រសិទ្ធភាព និងមានសុវត្ថិភាពជាងមុន។
គន្លឹះទី១ គឺកែប្រែរបបអាហារ ដោយបរិភោគបន្លែ ផ្លែឈើ អាហារសម្បូរប្រូតេអ៊ីន និងធញ្ញជាតិដែលមានជាតិសរសៃ។ គួរកាត់បន្ថយភេសជ្ជៈផ្អែម បង្អែម និងអាហារកែច្នៃដែលមានជាតិស្ករ ឬខ្លាញ់ច្រើន។ អ្វីដែលសំខាន់ គឺញ៉ាំក្នុងបរិមាណសមស្រប និងមិនតមអាហារខ្លាំងពេករហូតធ្វើឱ្យខ្វះសារធាតុចិញ្ចឹម។
គន្លឹះទី២ គឺថែរក្សាសុខភាពពោះវៀន តាមរយៈការញ៉ាំអាហារចម្រុះ និងបន្ថែមបន្លែ ផ្លែឈើ សណ្ដែក និងធញ្ញជាតិដែលមានជាតិសរសៃ។ របបអាហារបែបនេះអាចជួយដល់ការរំលាយអាហារ និងការទទួលបានសារធាតុចិញ្ចឹម។ ទោះជាយ៉ាងណា មិនគួរពឹងផ្អែកលើផលិតផលបំប៉ន ឬផលិតផលជួយដល់ពោះវៀន ដើម្បីស្រកទម្ងន់នោះទេ។
គន្លឹះទី៣ គឺហាត់ប្រាណជាប្រចាំ ដោយរួមបញ្ចូលការដើរលឿន ការជិះកង់ ឬលំហាត់ប្រាណផ្សេងៗ និងការហាត់ពង្រឹងសាច់ដុំ។ អ្នកដែលទើបចាប់ផ្ដើមគួរហាត់ពីកម្រិតស្រាល រួចបង្កើនបន្តិចម្ដងៗតាមសមត្ថភាព។ គួរគេងឱ្យគ្រប់គ្រាន់ និងកាត់បន្ថយភាពតានតឹងផងដែរ ដើម្បីជួយដល់សុខភាពទូទៅ។
សរុបមក ការស្រកទម្ងន់ប្រកបដោយសុវត្ថិភាព ត្រូវការការកែប្រែរបបអាហារ ការហាត់ប្រាណ និងទម្លាប់រស់នៅឱ្យបានល្អជាប្រចាំ។ មិនមានវិធីតែមួយដែលសមស្របសម្រាប់មនុស្សគ្រប់រូបនោះទេ ហើយការមានបញ្ហាស្រកទម្ងន់មិនបានដូចការរំពឹងទុក ក៏មិនមានន័យថាបណ្ដាលមកពីការធន់នឹងអាំងស៊ុយលីនជានិច្ចដែរ។ ប្រសិនបើមានបញ្ហាសុខភាព ឬពិបាកគ្រប់គ្រងទម្ងន់ជាបន្តបន្ទាប់ គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព៕
ចែករំលែកព័តមាននេះ