ខេត្តឧត្តរមានជ័យ ៖ លោកកូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងប៉ូលិសធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធក្នុងរឿងឃាតកម្មសម្លាប់ស្ត្រីម្នាក់ បុរសម្នាក់ និងក្មេងជំទង់ម្នាក់ក្នុងចម្ការដំឡូងរបស់មន្ត្រីប៉ូលិសស័ក្តិ៣ម្នាក់ ស្ថិតនៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី១៣ កក្កដា កន្លងមក ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនម្នាក់ឈ្មោះសុខ សៀប ភេទប្រុស អាយុ៤៥ឆ្នាំ រស់់នៅភូមិព្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង និងឈ្មោះដាំ ដា ហៅម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសុខសេរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ។ ពួកគេទាំង២នាក់ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ សីហា នៅក្នុងលំនៅឋានរបស់ខ្លួន ។
លោកវរសេនីយ៍ត្រីលឹម គី នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ករណីឃាតកម្មនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលប្រទះឃើញសាកសពហើមស្អុយនៅកន្លែងផ្សេងៗគ្នាក្នុងចម្ការ ។ ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះសុន លីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិទួលក្រួស ឃុំថ្លាត ស្រុកអន្លង់វែង ២-ឈ្មោះតាង សិញ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និង៣-ឈ្មោះថូ គឹមឈៀង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។ ជនរងគ្រោះត្រូវជនសង្ស័យសម្លាប់នៅក្នុងចម្ការដំឡូងរបស់លោកឯម សុវណ្ណរ៉ា ហៅសុខ ស្ថិតនៅក្នុងភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី១៣ កក្កដា កន្លងទៅ ។
លោកវរសេនីយ៍ត្រីបានបន្តទៀតថា យោងតាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងលោកស្នងការខេត្តឱ្យចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតពិនិត្យនិងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចប៉ូលិសបានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ។
ជនសង្ស័យបានសារភាពថា ពួកគេមានបក្សពួក៣នាក់ មានអាវុធ២ដើម ធុនអាកាស្វាយបត់១ដើម អាវុធខ្លីកា៥៤ មួយដើម និងគ្រាប់បែក១គ្រាប់ មុនពេលចូលធ្វើសកម្មភាព ។ ជនសង្ស័យបានបញ្ជាក់ថា ពេលចូលទៅដល់ក្នុងចម្ការបក្សពួករបស់គេបានចាប់ចងបុរសម្នាក់ និងក្មេងជំទង់ម្នាក់រួចចាប់រំលោភស្ត្រីម្នាក់ឈ្មោះសន លីន ម្នាក់ម្តងៗ មុនពេលសម្លាប់ចោល ព្រោះតែពួកគេទាំងអស់គ្នាជាមនុស្សស្គាល់គ្នា ។ ពេលធ្វើសកម្មភាពរួចបក្សពួករបស់គេបាននាំគ្នាចាកចេញហើយយកអាវុធទាំងពីរដើមទៅលាក់ទុកនៅនឹងផ្ទះ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត និងសុំដីកាតាមចាប់ខ្លួនជនម្នាក់ទៀតដែលកំពុងគេចខ្លួន ៕
ចែករំលែកព័តមាននេះ