អែលនីញ៉ូ អាចធ្វើឲ្យកុមារកម្ពុជា១,៣លាននាក់ប្រឈមនឹងហានិភ័យ
- ភ្នំពេញ
អង្គការយូនីសេហ្វ បានអះអាងថា បាតុភូតអែលនីញ៉ូ អាចឲ្យកុមារជាង៣៤៧លាននាក់ នៅតាមបណ្តាប្រទេសជិត១០០ ទូទាំងពិភពលោកត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងស្ថានភាពធាតុអាកាសស្ងួតហួតហែង ឬសើមខុសពីធម្មតា នៅក្នុងនោះក៏មានកម្ពុជាផងដែរ ។

តាមការព្យាករដែលប្រកាសដោយអង្គការនេះបានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា កុមារប្រមាណ ១,៣ លាននាក់អាចប្រឈមនឹងហានិភ័យនៃបាតុភូតនេះ ។
សម្រាប់គ្រួសារនីមួយៗបាតុភូតនេះ អាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសុវាសុខាភិបាលផងដែរ ។
តាមការវាយតម្លៃចុងក្រោយបានបង្ហាញថា សាលារៀនជាង៣.៨៧២ ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែង ពោល គឺត្រូវជាប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេសកំពុងស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិ រួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងទៀត ។
ប្រភពដដែលបានបន្តថា បាតុភូតអែលនីញ៉ូ ត្រូវបានព្យាករណ៍ថា នឹងមានឥទ្ធិពលខ្លាំងក្លារជាងឆ្នាំរាល់ដង ។ អែលនីញ៉ូ គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយ ដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា ។ បាតុភូតនេះ បង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់ ។ ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ ។
តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមថ្មីៗនេះ បានឲ្យដឹងថា កម្ពុជាអាចប្រឈមមុខនឹងបាតុភូតនេះ ចាប់ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ នេះដល់ខែកុម្ភៈ ឆ្នាំ២០២៧ ។
ចែករំលែកព័តមាននេះ