ទីក្រុងសាណា៖ ក្រុមឧទ្ទាមហ៊ូទីបាញ់មីស៊ីលចូលបរិវេណវិមានប្រធានាធិបតីនៅទីក្រុងអេដែន (Aden) បណ្ដាលឱ្យស្លាប់ភ្នាក់ងារសន្តិសុខ២នាក់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល២នាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ នាយករដ្ឋមន្ត្រីយេម៉េន និងសមាជិកគណៈរដ្ឋមន្ត្រីដែលស្ថិតនៅក្នុងបរិវេណវិមានប្រធានាធិបតីនោះមិនបានរងរបួសអ្វីទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងព័ត៌មានយេម៉េន។ លោកថ្លែងបន្ថែមទៀតថាក្រុមហ៊ូទីបាញ់មីស៊ីល៥គ្រាប់ចូលទីតាំងខាងលើនេះ។

ទីភ្នាក់ងារព័ត៌មានសាបា (Saba) ដែលគ្រប់គ្រងដោយក្រុមហ៊ូទីបានដកស្រង់សម្ដីរបស់មន្ត្រីយោធាម្នាក់មកចុះផ្សាយថាហ៊ូទីបាញ់តម្រង់ទៅរកបញ្ជាការដ្ឋានយោធាមួយកន្លែងដែលជាទីតាំងរៀបចំប្រតិបត្តិការសឹក និងគ្រប់គ្រងដោយមន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ ទីបញ្ជាការយោធាស្ថិតនៅក្នុងបរិវេណនោះតែម្ដង។ ទីភ្នាក់ងារព័ត៌មានដដែលផ្សាយថាក្រុមហ៊ូទីវាយប្រហារលើកនេះក៏តម្រង់ទៅរកឃ្លាំងរំសេវផងដែរ។ អ្នកនាំពាក្យក្រុមហ៊ូទី លោកយ៉ាស់យ៉ា សារី (Yahya Saree) ថ្លែងថាការវាយប្រហារទៅលើបញ្ជាការដ្ឋានយោធានៅទីក្រុងអេដែននោះជាផ្នែកមួយនៃគោលនយោបាយរបស់ហ៊ូទីដើម្បីចាត់ការមូលដ្ឋានរបស់អារ៉ាប៊ីសាអូឌីតទោះបីពួកគេនៅទីណាក៏ដោយ។

សាក្សីនៅក្បែរកន្លែងកើតហេតុប្រាប់ថាពួកគេស្ដាប់ឮសំឡេងផ្ទុះយ៉ាងកងរំពងនៅបរិវេណវិមានប្រធានាធិបតី។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី (AP) គេស្ដាប់ឮសំឡេងផ្ទុះយ៉ាងតិច៦ដង។ នេះជាការវាយប្រហារដែលកម្រនឹងកើតមានទៅលើវិមានប្រធានាធិបតី។ ប៉ុន្តែដោយសារពេលនេះស្ថានការណ៍កាន់តែក្ដៅគគុក ក្រុមហ៊ូទីធ្វើសង្គ្រាមច្រើនសមរភូមិនៅក្នុងពេលតែមួយ។ ពោលគឺពួកគេវាយប្រហារនៅប្រទេសយេម៉េនផង វាយប្រហារទៅលើអារ៉ាប៊ីសាអូឌីតផង និងប្រកាសថាពួកគេកំពុងត្រៀមបម្រុងគ្រាប់រំសេវសម្រាប់វាយប្រហារអុីស្រាអែលថែមទៀត។

អេភីផ្សាយថាក្រៅពីអ្នកស្លាប់ដូចរៀបរាប់ខាងលើ មនុស្សយ៉ាងតិច៦នាក់រងរបួស។ នេះបើយោងតាមការដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋាភិបាលយេម៉េនម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។ រដ្ឋាភិបាលយេម៉េនអះអាងថាក្រុមហ៊ូទីវាយប្រហារផ្គួបគ្នាដោយមីស៊ីលផង និងដ្រូនផង។ មន្ត្រីសន្តិសុខម្នាក់ប្រាប់ថាគេស្ដាប់ឮសំឡេងផ្ទុះយ៉ាងតិច២លើកនៅលើកំពូលភ្នំក្បែរវិមានប្រធានាធិបតី ហើយឮសំឡេងផ្ទុះ២លើកទៀតក្បែរច្រកត្រួតពិនិត្យសន្តិសុខ។ សព្វថ្ងៃនេះ មន្ត្រីថ្នាក់ដឹកនាំធំៗរបស់រដ្ឋាភិបាលយេម៉េនរស់នៅក្រៅប្រទេស។ ចំណែកមន្ត្រីដែលរស់នៅក្នុងទីក្រុងអេដែនមានសុវត្ថិភាពគ្រប់ៗគ្នា។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់។

តាមរយៈវីឌីអូឃ្លីបដែលបង្ហោះនៅលើបណ្ដាញសង្គម គេឃើញផ្សែងហោះហើរចេញពីបរិវេណវិមានប្រធានាធិបតី។ នៅពេលសង្គ្រាមបែកសាយាមោដល់កម្រិតនេះហើយ គេគិតថាសង្គ្រាមអុីរ៉ង់នឹងរឹតតែពិបាកដោះស្រាយ ហើយបញ្ហានេះរឹតតែក្រឡុកទីផ្សារប្រេងអន្តរជាតិព្រោះអារ៉ាប៊ីសាអូឌីតក្នុងនាមជាប្រទេសនាំចេញប្រេងដ៏ធំមួយនៅលើសាកលលោករងការវាយប្រហារជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ការហោះហើរនៅក្នុងតំបន់ក៏មានបញ្ហាផងដែរ។ ក្រុមហ៊ូទីព្រមានក្រុមហ៊ុនអាកាសចរណ៍នានាថាត្រូវតែប្រយ័ត្នខ្លួនឱ្យមែនទែននៅពេលហោះហើរឆ្លងកាត់ដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត៕ ប្រភព៖ Reuter, AP

ចែករំលែកព័តមាននេះ