ឮសំឡេងផ្ទុះ ស្រាប់តែមានភ្លើងឆេះបន្ទប់ជួល ខណៈអ្នកជួលទៅស្រុកកំណើត ផ្អើ.លជិតទីលានចា.ក់សំរាមស្ទឹងមានជ័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋសង់ជាបន្ទប់ជួលយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចជិតទីលានចាក់សំរាមស្ទឹងមានជ័យ ផ្លូវលំកែងផ្លូវ៧៧BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា ផ្ទះដែលឆាបឆេះ គឺម្ចាស់បានសង់ទៅជាបន្ទប់ជួលបានចំនួន២បន្ទប់ ហើយនៅយប់កើតហេតុ អ្នកជួលផ្ទះមិនបាននៅនោះទេ ដោយរវល់ទៅស្រុកកំណើត ។
តាមប្រភពដដែលបានបន្តថា លុះមកដល់ម៉ោងកើតហេតុ ពលរដ្ឋដែលរស់នៅក្បែរនោះ បានឮសំឡេងផ្ទុះ ហើយបានចេញមកមើល ឃើញមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅទៅហើយ ទើបនាំគ្នាផ្អើលគាស់របងផ្ទះ អ្នកខ្លះចូលទៅពន្លត់ និងអ្នកខ្លះទៀតបានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យអោយជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ករណីនេះបន្តិចក្រោយមក ក៍មានរថយន្តរបស់នគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ ចុះមកជាច្រើនគ្រឿង និងបានសហការគ្នាបាញ់ទឹកពន្លត់រហូតដល់ម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃដដែល ទើបធ្វើអោយភ្លើងថមថយទៅវិញ ។
គ្រោះអគ្គិភ័យខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណានោះទេ គឺគ្រាន់តែខូចសម្ភារក្នុងផ្ទះ ក៍ដូចជាផ្ទះស្ទើរតែទាំងស្រុង ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមជំនាញ ៕












ចែករំលែកព័តមាននេះ