ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លុប​ចោល​គម្រោង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​​​ប្រ.ហា.រ​ជី.វិ.ត​ទណ្ឌិត​បា.ញ់​ស្លា.ប់​​​មនុស្ស​១៣​នាក់​កាល​ពី​ឆ្នាំ​២០០៩​

11 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​លុប​ចោល​គម្រោង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិ​ការណ៍​ប្រហារ​ជីវិត​ទណ្ឌិត​ម្នាក់​ដែល​ជា​អតីត​មន្ត្រី​យោធា​អាមេរិក​ និង​ដែល​បាន​បាញ់​សម្លាប់​មនុស្ស​១៣​នាក់​នៅ​មូល​ដ្ឋាន​យោធា​ហ្វត​ហ៊ូត (Fort Hood)។ គម្រោង​នេះ​មុន​ដំបូង​ត្រូវ​បាន​ជំរុញ​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គ្រាម​ លោក​ភីត​ហេក​សិត។​​ ប៉ុន្តែ​ក្រោយ​មក​ដោយ​សារ​មាន​មតិ​ប្រឆាំង​ជំទាស់​ខ្លាំង​ពេក​ពី​ក្រុម​អ្នក​សាធារ​ណ​រដ្ឋ​និយម​ ពី​មេ​សាសនា​ និង​​ពី​សា​ធារណ​ជន​ លោក​ត្រាំ​ក៏​សម្រេច​ចិត្ត​​លុប​ចោល​វិញ​។ ​ការ​ប្រហារ​ជីវិត​ទណ្ឌិត​ឈ្មោះ​ណាយ​ដាល់​ ហាសាន (Nidal Hassan) គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៣ ខែ​ធ្នូ​ខាង​មុខ​នេះ។

ការ​​លុប​ចោល​គម្រោង​​ផ្សាយ​ផ្ទាល់នេះ​​​​​បង្ហាញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​​ដ៏​កម្រ​ជា​ចំហ​​រវាង​លោក​ត្រាំ និង​មនុស្ស​ជិត​ស្និទ្ធ​បំផុត​របស់​លោក​។ ប៉ុន្តែ​មន្ទីរ​បញ្ចកោណ​បញ្ជាក់​ថា​លោក​ទាំង​២​បាន​ឯក​ភាព​គ្នា​ទាំង​ស្រុង​ទៅ​លើ​ការ​សម្រេច​ចិត្ត​លុប​ចោល​នេះ​។ លោក​ហេក​សិត​បាន​ប្រកាស​អំពី​គម្រោង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ការ​ប្រហារ​ជីវិត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មូល​ដ្ឋាន​យោធា​នៃ​រដ្ឋ​តិច​សាសន៍​​​ ជា​ទី​កន្លែង​ដែល​ណាយ​ដាល់​ ហាសាន​ បើក​ការ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​២០០៩​។ នៅ​លើ​សាកល​លោក​នេះ គ្មាន​ប្រទេស​ណា​ប្រហារ​ជីវិត​អ្នក​ទោស​ផ្សាយ​បន្ត​ផ្ទាល់​ជា​សា​ធារណៈ​នោះ​ទេ​ លើក​លែង​តែ​សម័យ​មុន​ៗ​កាល​ពី​អំឡុង​សត​វត្ស​ទី​១៩​ថយ​ក្រោយ​វិញ​ដែល​គេ​ប្រហារ​ជីវិត​ជា​ចំហ​ឱ្យ​មហា​ជន​បាន​ទស្សនា​ ប៉ុន្តែ​ក៏​មិន​មែន​ផ្សាយ​តាម​ទូរ​ទស្សន៍​ ឬ​អ៊ីន​ធឺណិត​នោះ​ដែរ​។

សព្វ​ថ្ងៃ​នេះ​​មាន​​ដែរ​​ការ​ប្រហារ​ជីវិត​នៅ​ទី​​សា​ធារណៈ ប៉ុន្តែ​ធ្វើ​ឡើង​នៅ​ក្នុង​​ប្រទេស​មួយ​ចំនួន​តូចតែ​​ប៉ុណ្ណោះ​​។​​ ប៉ុន្តែ​បើ​ដល់​ថ្នាក់​ផ្សាយ​តាម​ទូរ​ទស្សន៍ ឬ​អ៊ីន​ធឺណិត​ហាក់​ដូច​ជា​គ្មាន​ទេ​​ព្រោះ​ទិដ្ឋ​ភាព​បែប​នេះ​​គួរ​ឱ្យ​ស្លុត​រន្ធត់​ណាស់​​​។ បុគ្គលិក​បម្រើ​ការ​នៅ​​​សេត​វិមាន​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​មែន​ទែន​ទៅ លោក​ត្រាំ​ពុំ​បាន​ដឹង​ទាល់​តែ​សោះ​ថា​មាន​គម្រោង​ប្រហារ​ជីវិត​ផ្សាយ​បន្ត​ផ្ទាល់​បែប​នេះ​។ បើ​លោក​ដឹង​តាំង​ពី​ដំបូង​ដៃ​ ​​លោក​មិន​ឱ្យ​ធ្វើ​បែប​នេះ​ឡើយ​​។​

ណាយ​ដាល់​ ហាសាន (Nidal Hassan) កាល​នៅ​បម្រើ​ការ​ជា​មន្ត្រី​យោធា​អាមេរិក​ មុន​ពេល​គាត់​ប្រព្រឹត្ត​អំពើ​បាញ់​ប្រហារ​

លោក​ត្រាំ​បង្ហាញ​ទស្សនៈ​តាម​រយៈ​​ការ​​​បង្ហោះ​​​នៅ​លើ​បណ្ដាញ​សង្គមថា «​​ការ​ផ្សាយ​​ព្រឹត្តិ​ការណ៍​ប្រហារ​ជីវិត​ដើម្បី​ឱ្យ​មនុស្ស​គ្រប់​គ្នា​បាន​ឃើញ​អាច​ក្លាយ​ជា​គំរូ​ឱ្យ​រាង​ចាល​សម្រាប់​អ្នក​ដទៃ​ទៀត​​នៅ​ពេល​ពិភព​លោក​មើល​ឃើញ​ថា​តើ​អាមេរិក​ចាត់​ការ​បែប​ណា​ចំពោះ​ភេរវ​ជន​ ឬ​ជន​គម្រក់​ដូច​ជា​ហាសាន​ជា​​ដើម​។ ប៉ុន្តែ​មនុស្ស​ល្អ​ៗ​ជា​ច្រើន​មិន​ចង់​មើល​ឃើញ​គាត់​ស្លាប់​ស្ដែង​ៗ​នឹង​ភ្នែក​របស់​ពួក​គេ​នោះ​ទេ​ទោះ​បី​តាម​រយៈ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ឬ​តាម​រយៈ​ឧបករណ៍​សោត-​ទស្សន៍​ដទៃ​ក៏​ដោយ​​។ គាត់​នឹង​ស្លាប់​ទៅ​តាម​កាល​កំណត់​ដោយ​ការ​ប្រហារ​ជីវិត​បាញ់​នឹង​កាំ​ភ្លើង​។ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​នេះ​នឹង​​មិន​ផ្សាយ​ផ្ទាល់​នោះ​ទេ​»។

ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្រោម​ស្នា​ដៃ​របស់​ទណ្ឌិត​រូប​នេះ​អាច​មាន​ឱកាស​ទស្សនា​ការ​ប្រហារ​ជីវិត​នេះ​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង​ប្រហារ​ជីវិត​តែ​ម្ដង​ ប្រសិន​បើ​ពួក​គេ​ចង់​ទស្សនា​ដូច​ដែល​អាមេរិក​ធ្លាប់​អនុ​វត្ត​នីតិ​វិធី​បែប​នេះ​កន្លង​មក​។ ក្រុម​អ្នក​សា​ធារណ​រដ្ឋ​និយម​ដែល​ជា​មនុស្ស​ជិត​ស្និទ្ធ​របស់​លោក​ត្រាំ​រួម​ទាំង​អនុ​ប្រធានា​ធិបតី​អាមេរិក លោ​កជេ​ឌីវេន និង​មេ​ៗ​សាសនា​​ធំ​ៗ​ជា​ច្រើន​បាន​បង្ហាញ​អារម្មណ៍​ចម្រុះ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។​​ អ្នក​ខ្លះ​មិន​អស់​ចិត្ត​នឹង​គម្រោង​ប្រហារ​ជីវិត​នេះ​ទេ​ ខណៈ​ដែល​​​អ្នក​ខ្លះ​ទៀត​ថ្កោល​ទោស​គម្រោង​នេះ​៕ ប្រភព៖ Reuters