ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

1 ខែ មុន

កម្ពុជា​-​អ៊ូ​ស​បេ​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​កម្រិត ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​បវរ​ធិ​បតី បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៥ ខែតុលា​នេះ ។

នា​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃ​សាធារណរដ្ឋ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៧ នៅ​រដ្ឋធានី​បា​គូ នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពី​ថ្ងៃ​ទី​១១ ដល់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានាធិបតី​អ៊ូ​ស​បេ​គី​ស្ថាន បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ធិ​បតី ព្រមទាំង​បាន​បង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ជំនួប​ជាមួយ​សម្ដេច​ធិ​បតី នា​ឱកាស​នេះ​នឹង​កាន់តែ​ជួយ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។
ជា​ការ​ឆ្លើយ​តប សម្ដេច​ធិ​បតី បាន​សម្តែង​ក្តី​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​អ៊ូ​ស​បេ​គី​ស្ថាន ព្រមទាំង​បាន​ផ្ញើ​សារ​អបអរសាទរ​យ៉ាង​កក់ក្តៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​ឱកាស​ប្រារព្ធ​ខួប​ឯករាជ្យ​លើក​ទី​៣៥ របស់​អ៊ូ​ស​បេ​គី​ស្ថាន ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាង ៣​ទសវត្សរ៍​កន្លង​មក និង​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​សក្ដានុពល​ជា​ច្រើន​ទៀត ក្នុង​ការ​ជំរុញ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី បន្ថែម​ទៀត ដើម្បី​ឧត្តម​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​នៃ​ប្រជាជាតិ​ទាំង​ពីរ ។

ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​កម្រិត តាម​រយៈ​ការ​លើកកម្ពស់ ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​មន្ត្រីជាន់ខ្ពស់​ឱ្យ​បាន​ទៀងទាត់ និង​ទូលំទូលាយ​, ការ​ពង្រឹង​យន្តការ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​, និង​កា​រត​ភ្ជាប់​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​ពីរ ជាដើម ។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ក្នុង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ទេសចរណ៍​, អប់រំ​, ការ​ផ្លាស់​ប្តូរ​វប្បធម៌ និង​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ៕