ទីក្រុងតេអេរ៉ង់៖ កប៉ាល់ដឹកកុងតេណឺមួយគ្រឿង និងកប៉ាល់ដឹកទំនិញស្ងួតមួយគ្រឿងបានលិចនៅច្រកសមុទ្រហ័រម៉ូសនារយៈពេល២៤ម៉ោងចុងក្រោយនេះបន្ទាប់ពីទទួលរងការបាញ់ប្រហារដោយគ្រាប់មីស៊ីលនៅក្នុងពេលវេលាផ្សេងពីគ្នា។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីទទួលបន្ទុកខាងលំហសមុទ្រ។ នារយៈពេលដប់ថ្ងៃចុងក្រោយនេះ គេឃើញថាករណីវាយប្រហារទៅលើកប៉ាល់ដែលបើកបើកកាត់ច្រកសមុទ្រខាងលើនេះកើនឡើងកាន់តែខ្លាំង។

អុីរ៉ង់ថ្លែងថាខ្លួនបង្កើនការវាយប្រហារដើម្បីជាការឆ្លើយតបទៅនឹងករណីដែលអាមេរិកបិទខ្ទប់ដែនសមុទ្ររបស់ខ្លួនមិនឱ្យកប៉ាល់ចេញចូលកំពង់ផែរបស់ខ្លួន និងឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែខ្លាំងបន្ថែមទៀតកាលពីខែកញ្ញា។ កប៉ាល់ដោតទង់ជាតិសិង្ហបុរីមួយគ្រឿងបានលិចនៅពេលបើកកាត់ច្រកសមុទ្រហ័រម៉ូស។ កប៉ាល់នោះរងការខូចខាត និងមានភ្លើងឆេះ ហើយក៏លិចទៅក្នុងទឹកតែម្ដង។ សំណាងល្អ បុគ្គលិកបម្រើការនៅលើនោះទាំង២១នាក់អាចជម្លៀសខ្លួនទាន់ពេលវេលា។

មន្ត្រីទទួលបន្ទុកខាងលំហសមុទ្រអះអាងថាគ្មាននរណាម្នាក់រងរបួសទេ។ នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត កប៉ាល់ដោតទង់ជាតិអេនធីហ្គួ និងបាប៊ូដា (Antigua and Barbuda) ក៏លិចផងដែរនៅក្បែរច្រកសមុទ្រនោះ។ ហេតុការណ៍ទាំងនេះកើតឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីកប៉ាល់ផ្សេងទៀតរងការបាញ់ប្រហារពីគ្រាប់មីស៊ីលកាលពីថ្ងៃទី២៣ ខែកញ្ញា។ នេះបើយោងតាមទិន្នន័យរបស់អង្គការលំហសមុទ្រអន្តរជាតិដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិធ្វើការលើផ្នែកកប៉ាល់ដឹកទំនិញ។ កាលនោះ បុគ្គលិកបម្រើការនៅលើកប៉ាល់ស្លាប់ម្នាក់។

នេះជាកប៉ាល់ទីបីដែលរងការបាញ់ពន្លិចចាប់តាំងពីសង្គ្រាមអុីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អាជ្ញាធរសិង្ហបុរីសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងដែលចេះតែមានការវាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្មជាបន្តបន្ទាប់នៅច្រកសមុទ្រហ័រម៉ូស។ ការវាយប្រហារទាំងនេះធ្វើឡើងដោយឥតមូលហេតុ ដោយឥតសមហេតុផល និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងពេញទីតែម្ដង។ ហេតុការណ៍ចុងក្រោយនេះបង្ហាញថាការដឹកទំនិញតាមកប៉ាល់កាត់ច្រកហ័រម៉ូសកាន់តែរងការគំរាមកំហែងខ្លាំងឡើងៗជាលំដាប់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ