ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បន្ត​វា.យ​ប្រ.ហារ​រោង​ចក្រ​ប្រេង​រុស្ស៊ី​ ខណៈ​ដែល​ទំនាក់​ទំនង​ជា​មួយ​​អាមេរិក​កំពុងមាន​បញ្ហា

1 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​របស់​រុស្ស៊ី​ជា​ថ្មី​បន្ទាប់​ពី​សង្កេត​ឃើញ​ថា​សេចក្ដី​អំពាវ​នាវ​របស់​លោក​ដូណាល់​ត្រាំ​ដែល​ស្នើ​សុំ​ឱ្យ​ភាគី​ទាំង​២​​ផ្អាក​វាយ​ប្រហារ​ទីតាំង​ថាម​ពល​គ្នា​ទៅ​វិញ​ទៅ​មក​​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធ​ភាព​។ ថ្ងៃ​នេះ​អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​មួយ​កន្លែង​នៅ​តំបន់​រីយ៉ាហ្សាន (Ryazan)។ ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ហ្សេឡិន​ស្គី​ប្រកាស​ថា​បទ​ឈប់​បាញ់​មួយ​ចម្អិន​កំពឹស​ជា​មួយ​ទី​ក្រុង​ម៉ូស្គូ​នោះ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​។ ម៉្យាង​ទៀត​ ការ​វាយ​ប្រហារ​នេះ​ក៏​កើត​ឡើង​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​ទី​​ក្រុង​កៀវ និង​វ៉ាស៊ីន​សោន​ចាប់​ផ្ដើម​រយាល​ដៃ។

​មិន​តែ​ប៉ុណ្ណោះ ទំនាក់​ទំនង​នេះ​ប្រឈម​​នឹង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លោក​ត្រាំ​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​អ៊ុយ​ក្រែន​ដក​មេ​ដឹក​នាំ​របស់​ខ្លួន​សព្វ​ថ្ងៃ​នេះ​ចេញ ហើយ​ដាក់​អ្នក​ផ្សេង​ជំនួស​វិញ​។ ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន​នោះ​បណ្ដាល​ឱ្យ​មាន​អគ្គិភ័យ​ឆាប​ឆេះ​រោង​ចក្រ​ប្រេង​ដែល​ស្ថិត​នៅ​ចម្ងាយ​៣០០​គីឡូ​ម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ​​ធានី​ម៉ូស្គូ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ និង​អភិបាល​នៃ​គណៈ​អភិបាល​តំបន់​រីយ៉ា​ហ្សាន​ លោក​ផាវែល ម៉ាល់​កូហ្វ​ (Pavel Malkov)។ សារ​ព័ត៌​មានអន​ឡាញ​របស់​​រុស្ស៊ី​ Astra បាន​ចេញ​ផ្សាយ​នូវ​រូប​ភាព​ដែល​ខ្លួន​ពិពណ៌​នា​ថា​ជា​អគ្គិ​ភ័យ​ឆេះ​រោង​ចក្រ​។

មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​ម្នាក់​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​អ៊ុយ​ក្រែន​ពិត​ជា​បាន​វាយ​ប្រហារ​រោង​ចក្រ​នោះ​មែន​។​ ការ​វាយ​ប្រហារ​នេះ​មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ទេ​ព្រោះ​អាច​នឹង​បង្ក​បញ្ហា​កាន់​តែ​ខ្លាំង​សម្រាប់​ទំនាក់​ទំនង​រវាង​លោក​ហ្សេឡិនស្គី និង​លោក​ដូណាល់​ត្រាំ​។ ហ្សេឡិនស្គី​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ពេល​រុស្ស៊ី​បន្ត​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​របស់​អ៊ុយ​ក្រែន​។ រុស្ស៊ី​ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ផ្គើនទៅ​​នឹង​ការ​អំពាវ​នាវ​យ៉ាង​ទទូច​របស់​លោក​ត្រាំ​ដែល​កំពុង​បារម្ភ​អំពី​ការ​បរាជ័យ​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ដោយ​សារ​ប្រេង​ឡើង​ថ្លៃ​។ រដ្ឋាភិបាល​អ៊ុយ​ក្រែន​ប្រកាស​ថា​ខ្លួន​មិន​ជំទាស់​នឹង​ការ​អំពាវ​​នាវ​ឱ្យ​​ផ្អាក​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​នោះ​ទេ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា​អ៊ុយ​ក្រែន​មិន​បាន​ផ្អាក​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​ម្ដង​ណា​ឡើយ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ សម្រាប់​ពេល​នេះ គេ​មិន​អាច​ផ្ទៀង​ផ្ទាត់​បាន​ឡើយ​ថា​តើ​ការ​ពិត​ជាក់​ស្ដែង​បែប​ណា​។ លោក​ហ្សេឡិនស្គី​អះ​អាង​ថា​ទោះ​បី​អ៊ុយ​ក្រែន​ខិត​ខំ​ធ្វើ​តាម​ការ​អំពាវ​នាវ​របស់​លោក​ត្រាំ​ឱ្យ​​ផ្អាក​វាយ​ប្រហារ​ទី​តាំង​ថាម​ពល​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ក្រុម​បស្ចិម​ប្រទេស​មិន​បាន​ផ្ដល់​ព័ត៌​មាន​សម្ងាត់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ផ្លោង​របស់​រុស្ស៊ី​ទេ​ ហើយ​ម៉្យាង​ទៀត​អ៊ុយ​ក្រែន​​​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​តាម​ផ្កាយ​រណប​ស្តាលីង (Starlink) មាន​ដែន​កំណត់​ផង​ដែរ​។ របស់​ទាំង​២​នេះ (ព័ត៌​មាន​សម្ងាត់ និង​ស្តាលីង) មាន​សារៈ​សំខាន់​ក្រៃ​លែង​សម្រាប់​វិស័យ​ការ​ពារ​ជាតិ​របស់​អ៊ុយ​ក្រែន​ និង​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​របស់​ខ្លួន​។

ហ្សេឡិនស្គី​ថ្លែង​ថា​លោក​អស់​ការ​អត់​ធ្មត់​ត​ទៅ​ទៀត​ហើយ​។ លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​សារ​ព័ត៌​មាន​ហ្វាយ​ណាន់​សល​ ថាមស៍ (Financial Times) ថា​អ៊ុយ​ក្រែន​នឹង​បន្ត​វាយ​ប្រហារ​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​។ ហ្សេឡិនស្គី​ធ្លាប់​មាន​កំហឹង​ម្ដង​ហើយ​នៅ​ក្នុង​ករណី​ដែល​អាមេរិក និង​រុស្ស៊ី​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ទិញ-លក់​ប្រេង​ម៉ាស៊ូត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រេង​ឡើង​ថ្លៃ​នៅ​មុន​ការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​។ លោក​យល់​ថា​រុស្ស៊ី​មិន​គួរ​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ទណ្ឌ​កម្ម​នោះ​ទេ ប៉ុន្តែ​គួរ​ណាស់​ទទួល​រង​ទណ្ឌ​កម្ម​កាន់​តែ​ខ្លាំង​ដើម្បី​បង្ខំ​ឱ្យ​ចូល​តុ​ចរ​ចា​។ លោក​ហ្សេឡិនស្គី​ថ្លែង​នៅ​ក្នុង​បទ​សម្ភាស​ដាច់​ដោយ​ឡែក​មួយ​​ទៀត​ថា​លោក​ទទួល​អារម្មណ៍​ថា​ហាក់​ដូច​ជា​ត្រូវ​គេ​ក្បត់​ពី​ក្រោយ​ខ្នង​ដោយ​សារ​កិច្ចព្រម​ព្រៀង​នោះ​៕ ប្រភព៖ AP