ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ូទី​ព្រ.មា.ន​ថា​ខ្លួន​នឹង​បន្ត​ចាត់​ការ​​អារ៉ាប៊ី​សា​អូឌីត​​ក្រោ​យ​ការ​វា.យ​ប្រ.ហារ​ក្រុម​ហ៊ុន​ប្រេង​របស់​រដ្ឋ​

1 ថ្ងៃ មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ​ក្រុម​ឧទ្ទាម​ហ៊ូទី​វាយ​ប្រហារ​ទី​ស្នាក់​ការ​​របស់​ក្រុម​ហ៊ុន​ប្រេង​អារ៉ាប៊ី​សា​អូឌីត​ឈ្មោះ​អារ៉ាម​កូ​ (Aramco) កាល​ពី​យប់​មិញ​បណ្ដាល​ឱ្យ​ខូច​ខាត​ការិយាល័យ​របស់​មន្ត្រី​ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុន​ និង​មន្ត្រី​រដ្ឋាភិបាល​កំពូល​ៗ​របស់​រដ្ឋាភិបាល​អារ៉ាប៊ី​សា​អូឌីត​។​ នេះ​ជា​ក្រុម​ហ៊ុន​របស់​រដ្ឋ​។ ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​ដា​រ៉ាន (Dhahrah) នៅ​អារ៉ាប៊ី​សា​អូឌីត​ភាគ​ខាង​កើត​នោះ​ជាការ​បង្ហាញ​ថាក្រុម​នេះ​មាន​សមត្ថ​ភាព​វាយ​ប្រហារ​ទី​តាំង​សំខាន់​ៗ​។ សំណាង​ល្អ​ គ្មាន​នរណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​នោះ​ទេ​ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​អគារ​បី​ជាន់​។

ក្រុម​ហ៊ូទី​​ព្រមាន​តាំង​ពី​មុន​នោះ​ថា​ពួក​គេ​នឹង​វាយ​ប្រហារ​ទី​ក្រុង​ដារ៉ាន​ដោយ​មីស៊ីល​ផ្លោង​​។ កាល​ពី​ក្បាល​ព្រលប់​ថ្ងៃ​ពុធ វិទ្យុ​របស់​ក្រុម​នេះ​ផ្សាយ​ថា​​មាន​ការ​វាយ​ប្រហារ​រដ្ឋ​ធានី​សា​ណា (Sanaa)​ ប្រទេស​យេម៉េន​។ ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​គាំទ្រ​ដោយ​អារ៉ាប៊ី​សា​អូឌីត​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ដើម្បី​បញ្ជាក់​ថា​នេះ​ជា​ស្នា​ដៃ​របស់​ខ្លួន​ ឬ​យ៉ាង​ណា​ទេ​​។ គេ​មើល​ឃើញ​ផ្សែង​ដ៏ខ្មៅ​ងងឹត​ហោះ​ហើរ​ចេញ​ពី​ទី​តាំង​សំខាន់​ៗ​នៅ​អារ៉ាប៊ី​សា​អូឌីត​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ក្រុម​ហ៊ូទី​ធ្វើ​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ក្លា​បែប​នេះ​នាំឱ្យ​គេ​គិត​ថា​លោក​ត្រាំ​អាច​នឹង​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​រឿង​នេះ​ព្រោះ​លោក​ទើប​តែ​និយាយ​ថ្មី​ៗ​នេះ​ថា​លោក​អាច​នឹង​ចូល​រួម​ជា​មួយ​អារ៉ាប៊ី​សា​អូឌីត​ដើម្បី​ចាត់​ការ​ក្រុម​​ហ៊ូទី​។ ក្រសួង​ថាម​ពល​របស់​អារ៉ាប៊ី​សាអូឌីត​រាយ​ការណ៍​ថា​មាន​ភ្លើង​ឆេះ​នៅ​អគារ​នៃ​ក្រុម​ហ៊ុន​អារ៉ាម​កូ​កាល​ពី​យប់​ថ្ងៃ​អង្គារ​។ កាល​ពី​ថ្ងៃ​ពុធ​ អាជ្ញា​ធរ​ធ្វើ​ការ​ខាង​ប្រជា​ការ​ពារ​នៅ​ទី​ក្រុង​​រីយ៉ាត​ថ្លែង​ថា​អំបែង​គ្រាប់​ដែល​ធ្លាក់​ពី​លើ​មេឃ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​មីស៊ីល និង​មីស៊ីល​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​ SPA ចេញ​ផ្សាយ​រូប​ភាព​ជា​ច្រើន​សន្លឹក​បង្ហាញ​​អគារ​បាក់​បែក​ និង​យាន​ជំនិះ​មួយ​គ្រឿង​ដែល​ខូច​ខាត​។ ក្រុម​សម្ព័ន្ធ​មិត្ត​ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ី​សាអូឌីត​ថ្លែង​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​២​គ្រឿង​របស់​ហ៊ូទី​​ បាញ់​ទម្លាក់​មីស៊ីល​គ្រូស​៤​គ្រាប់​ និង​មីស៊ីល​ផ្លោង​មួយ​គ្រាប់​។ អាវុធ​ទាំង​នោះ​ប្រុង​ហោះ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​រីយ៉ាត​។ មីស៊ីល​ផ្លោង​មួយ​គ្រាប់​ហោះ​តម្រង់​ទៅ​ទី​ក្រុង​ដារ៉ាន​ និង​មីស៊ីល​គ្រូស​មួយ​គ្រាប់​​ហោះ​តម្រង់​ទៅ​អាល់​ខា​រ៉ាច (Al-Kharj) ដែល​ជា​ទី​ក្រុង​ឧស្សាហ​កម្ម និង​​ជា​កន្លែង​ផលិត​គ្រឿង​បរិក្ខារ​យោធា​ដ៏​ធំ​មួយ​។ គេ​ស្ដាប់​ឮ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​​ដែល​ព្រមាន​ថា​​មាន​​​មីស៊ីល​ហោះ​​តម្រង់​ទៅ​រក​​​ទី​ក្រុង​រីយ៉ាត។

ក្រុម​​ឧទ្ទាម​ហ៊ូទី​ប្រកាស​ថា​​ការ​វាយ​ប្រហារ​របស់​ខ្លួន​នោះ​គឺ​ដើម្បី​សង​សឹក​ទៅ​នឹង​ទង្វើ​គឃ្លើន​របស់​​អា​រ៉ា​ប៊ី​​សា​អូឌីត​ប្រឆាំង​នឹង​រដ្ឋ​ធានី​សា​ណា​ នៃ​ប្រទេស​យេ​ម៉េន​ ដែល​ជា​ទី​ក្រុង​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​របស់​ហ៊ូទី​។ អារ៉ាប៊ី​សា​អូឌីត​គាំទ្រ​កង​ទ័ព​ និង​រដ្ឋាភិបាល​យេម៉េន​ដែល​ប្រឆាំង​នឹង​ហ៊ូទី ហើយ​ដែល​ត្រូវ​បាន​​ទទួល​ស្គាល់​ដោយ​សហ​គមន៍​អន្តរ​ជាតិ​។ ចំណែក​ហ៊ូទី​ត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ដោយ​ប្រទេស​អុីរ៉ង់​។ ហ៊ូទី​ថ្វី​ដ្បិត​មាន​ឈ្មោះ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ក៏​ពិត​មែន ប៉ុន្តែ​ពួក​គេ​មាន​កម្លាំង​យោធា​ខ្លាំង​ក្លា​ និង​កំពុង​កាន់​កាប់​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​យេម៉េន​៕ ប្រភព៖ Reuters​​​