រថយន្តដឹកទឹកកកបុ.កជាមួយរថយន្តដឹកអេតចាយ របួ.សទាំងសងខាង៥នាក់ ស្ទះចរាចរណ៏ពេញផ្លូវជាតិលេខ៥៧
- បាត់ដំបង
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងឧប្បតិហេតុរថយន្តនិងរថយន្តបុកគ្នាទាំងកំរោល នៅលើកំណាត់ផ្លូវជាតិលេខ៥៧ (បាត់ដំបង-ប៉ៃលិន) នៅវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ តុលា ត្រង់ចំណុចវាលបឹងត្រាវ ស្ថិតក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់។ នេះបើយោងព័ត៏មានបឋមពីកន្លែងកើតហេតុ។
ព័ត៏មានបឋមដែលមន្ត្រីជំនាញបានរាយការណ៏បានឲ្យដឹងថា ភាគីម្ខាងរថយន្តដឹកទឹកកក រីឯភាគីម្ខាងទៀតជារថយន្តដឹកអេតចាយ ឬ ដឹកទំនិញ។ រថយន្តទាំងពីរគ្រឿង បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីត្បូងទៅជើង ដោយមានមនុស្សជិះទាំងសងខាងចំនួន៥នាក់ (មិនទាន់ដឹងភាគីម្ខាងៗជិះប៉ុន្មាននាក់ទេ) ហើយត្រូវរបួសទាំង០៥នាក់តែម្ដង។
បើតាមប្រភពពីកន្លែងកន្លែងថា រថយន្តដឹកអេតចាយ ដែលពាក់ស្លាកលេខ បាត់ដំបង 3A-2827 បានធ្វើដំណើរពីទិសខាងជើង ទៅខាងត្បូង។ ហើយពេលដល់ចំណុចកើតហេតុ គេឃើញរថយន្តដឹកអេតចាយនេះ បានព្យាយាមបន្ថែមល្បឿន លើងជែងអ្នកជិះម៉ូតូ ស្របពេលរថយន្តដឹកទឹកកកកំពុងធ្វើដំណើរមកពីទីសខាងត្បូងក្នុងល្បឿនលឿនគួរសមផង រថយន្តដឹកអេតចាយក៏ជ្រុលទៅបុករថយន្តដឹកទឹកកក ចំពីមុខទាំងកំរោលពេញទំហឹងតែម្ដង។
ដោយសារល្បឿនលឿនប្រហាក់ប្រហែលគ្នា បានធ្វើឲ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងាជើងធ្លាក់ចូលទឹកក្នុងស្រែ ខណៈរថយន្តដឹកអេតចាយរបើកកាប៊ីនរថយន្តស្ទើរដាច់ពីគ្នា វិលដូចកន្តេះឡង់ កាត់ទទឹងផ្លូវជាតិ ធ្វើឲ្យរថយន្តអ្នកដំណើររាប់សិចគ្រឿងកកស្ទះចរាចរណ៏ជាង២ម៉ោង ទម្រាំមន្ត្រីចរាចរណ៏ចុះអន្តរាគមន៏ទាន់ពេល។
មន្ត្រីចរាចរណ៏បានបញ្ជាក់ថា ឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តទាំងពីរគ្រឿងខាងលើនេះ ផ្ដើមចេញពីការបើកបរមិនគោរពច្បាប់។ បើកលឿនហើយ ខ្វះការប្រុងប្រយ័ត្ន ទើបបង្កគ្រោះថ្នាក់ដ៏មហន្តរាយនេះឡើង។ ពេលនេះមន្ត្រីចរាចរណ៏បានប្រើប្រាសរថយន្តស្ទូចរថយន្តដែលពាំងផ្លូវចេញពីចំណុចកើតហេតុហើយ រីឯរថយន្តដែលកកស្ទះ ក៏បានធ្វើដំណើរឆ្លងកាត់បានហើយដែរ ខណៈអ្នករបួសចំនួន០៥នាក់ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ៕






ចែករំលែកព័តមាននេះ