ទីក្រុងប៉ារីស ៖ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA កាលពីថ្ងៃទី១៤ ខែតុលា បានថ្លែងថា ទីផ្សារប្រេងម៉ាស៊ូតសកលអាចនឹងបន្តស្ថិតក្នុងស្ថានភាពខ្វះខាតការផ្គត់ផ្គង់រហូតដល់ឆ្នាំក្រោយ ដែលបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ ជំរុញឱ្យមានអតិផរណា និងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ខណៈដែលសង្គ្រាមដែលកំពុងបន្ត បានកាត់បន្ថយទិន្នផលប្រេងពីតំបន់មជ្ឈិមបូព៌ា និងប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយពី Reuters ។
ការព្រមាននេះ បានធ្វើឡើងមុនថ្ងៃបើកកិច្ចប្រជុំដ៏សំខាន់មួយ ដែលនឹងពិភាក្សាអំពីទំហំ និងពេលវេលានៃការបញ្ចេញប្រេងពីស្តុកបម្រុងបន្ទាន់របស់ទីភ្នាក់ងារនេះ នៅក្នុងគោលបំណងធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាពឡើងវិញ។
តម្លៃប្រេងម៉ាស៊ូត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងយានយន្ត ស្ថិតនៅកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលបានបង្កើតឱ្យមានសម្ពាធទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់បណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU) ឱ្យបញ្ចេញស្តុកប្រេង ឬក៏ប្រឈមមុខនឹងការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតដែលអាចកើតមានពីសហរដ្ឋអាមេរិក។
IEA បានលើកឡើងក្នុងរបាយការណ៍ប្រចាំខែថា តម្លៃប្រេងម៉ាស៊ូតខ្ពស់ជាប្រវត្តិសាស្ត្រ កំពុងបង្កឱ្យមានផលវិបាកសេដ្ឋកិច្ចយ៉ាងទូលំទូលាយរួចទៅហើយ ដោយការដំឡើងថ្លៃដើមទំនិញ និងជះឥទ្ធិពលលើប្រាក់ចំណូលពិតប្រាកដ សកម្មភាពសេដ្ឋកិច្ច ព្រមទាំងអតិផរណា។ ទីភ្នាក់ងារនេះបានបន្តថា ការបាត់បង់ការនាំចេញប្រេងម៉ាស៊ូតសរុបបញ្ចូលគ្នាពីតំបន់មជ្ឈិមបូព៌ា និងប្រទេសរុស្ស៊ី មានចំនួន ១,៣ លានបារ៉ែលក្នុង១ថ្ងៃ នៅក្នុងខែកញ្ញា។ ចំនួននោះតំណាងឱ្យប្រហែល ៤,៥% នៃតម្រូវការប្រេងម៉ាស៊ូតសកល ដែលទីភ្នាក់ងារនេះ បានព្យាករណ៍សម្រាប់ឆ្នាំ ២០២៦។
ជាមួយគ្នានោះដែរ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងមួយនេះ ក៏បានលើកឡើងថា ទីផ្សារប្រេងម៉ាស៊ូត នឹងនៅតែបន្តស្ថិតក្រោមសម្ពាធខ្លាំង ដោយសារតែការរំខានដល់ការផ្គត់ផ្គង់អូសបន្លាយពេល បានបណ្តាលឱ្យស្តុកប្រេងធ្លាក់ចុះ នៅក្នុង ពេលដែលធម្មតា ស្តុកប្រេងទាំងនោះ ត្រូវកើនឡើង។ ខណៈពេលស្តុកបម្រុងដែលនៅសេសសល់បន្តថយចុះនោះ ប្រសិនបើគ្មានដំណោះស្រាយចំពោះជម្លោះនៅមជ្ឈិមបូព៌ា នោះទេ ទីផ្សារប្រេងអាចនឹងជួបប្រទះភាពចលាចលកាន់តែខ្លាំងនាខែខាងមុខ មុនពេលដែលការផ្គត់ផ្គង់លើសតម្រូវការ អាចនឹងលេចឡើងនៅឆ្នាំ២០២៧៕


ចែករំលែកព័តមាននេះ