ជំនន់ទឹកភ្លៀង! ជន់លិចខ្នងទំនប់បង្ហៀរបឹងស្នេហ៍ ពលរដ្ឋនាំគ្នាទៅលេងកកកុញរាល់ថ្ងៃ
- ព្រៃវែង
ខេត្តព្រៃវែង ៖ មនុស្សរាប់រយនាក់ បានផ្អើលទៅលេងនៅលើខ្នងទំនប់បង្ហៀរបឹងស្នេហ៍ ដែលស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយសារតែមានទឹកហូរកាត់ខ្នងទំនប់ បង្កើតជាបរិយាកាសគួរឲ្យចង់ងូតទឹកលេងកម្សាន្ត។
អាជ្ញាធរឃុំធាយបានឲ្យដឹងថា ទឹកដែលហូរកាត់ខ្នងទំនប់បង្ហៀរបឹងស្នេហ៍នេះ មិនមែនជាទឹកជំនន់នោះទេ ប៉ុន្តែជាជំនន់ទឹកភ្លៀង ដែលហូរចេញពីបឹងស្នេហ៍ ហូរកាត់ទំនប់បង្ហៀរ ហើយគួបផ្សំនៅសងខាងផ្លូវ មានគេលក់ចំណីអាហារជាច្រើនផងនោះ ទើបធ្វើឲ្យអ្នកស្រុកដែលធ្វើដំណើរឆ្លងកាត់ទីនេះចាប់អារម្មណ៍ និងនាំគ្នាមកលេងកម្សាន្តយ៉ាងកុះករបែបនេះទៅ។
អាជ្ញាធរឃុំធាយបានបញ្ជាក់ថា ខ្នងទំនប់បង្ហៀរបឹងស្នេហ៍នេះត្រូវបានជំនន់ទឹកភ្លៀងហូរកាត់តាំងពីថ្ងៃទី ១០ តុលាមកម្ល៉េះ មកដល់ពេលនេះនៅមិនទាន់ស្រកអស់នៅឡើយទេ ហើយពីមួយ ថ្ងៃទៅមួយថ្ងៃ ចំនួនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះ ក៏កាន់តែច្រើនផងដែរ ដោយអ្នកខ្លះនាំកូនចៅមកមុជទឹកលេងកម្សាន្ត និងខ្លះទៀតនាំគ្នាមកហូបចំណីចំណុកផ្សេងៗទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។
គួរបញ្ជាក់ផងដែរថា ដោយសារមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើនបែបនេះ អាជ្ញាធរក៏បានដាក់កម្លាំងសមត្ថកិច្ចជាច្រើននាក់ នៅប្រចាំការក្នុងតំបន់នោះ ដើម្បីការពារកុំអោយមានបញ្ហាអ្វីកើតឡើង ជាពិសេសគឺជួយសម្រួលនៅលើដងផ្លូវ កុំអោយមានការកកស្ទះចរាចរណ៍ផងដែរ ៕






ចែករំលែកព័តមាននេះ