ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះក្រុមហ៊ុនវ៉ាង លាប និង​ម្ចាស់ឈ្មោះវ៉េង លាប ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅហើយ​

3 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​សេ ច​ក្តី​សម្រេច​ជា​ផ្លូវការ ក្នុង​ការ​ដាក់​ក្រុមហ៊ុន វ៉េង លាប ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់​គឺ​លោក វ៉េ​ង លាប ចូល​ទៅ​ក្នុង បញ្ជីខ្មៅ (Blacklist)​ជា​អចិន្ត្រៃយ៍ ដោយ​ហា​ម​ឃាត់​មិន​ឱ្យ​ចូលរួម​ដេញថ្លៃ ឬ​ទទួល​ការងារ​គម្រោង​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ណាមួយ​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ទៀត​ឡើយ​ ។

យោង​តាម​សេចក្តីសម្រេច​លេខ ០៦១/២៦ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៦ ចុះហត្ថលេខា​ដោយ លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បានឱ្យ​ដឹង​ថា ក្រុមហ៊ុន វ៉ាង លាប ដែល​មាន​លោក វ៉េ​ង លាប ជា​ប្រធាន (​អត្តសញ្ញាណប័ណ្ណ​លេខ ០៦១៥២៨២៣០) និង​ជា​អ្នក​ទទួល​ការ​ដែល​បាន​ចុះបញ្ជី​នៅ​ខេត្តកណ្តាល (​លេខ​រៀង​ទី​៦) ត្រូវ​បាន​ប្រកាស​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​ខេត្ត​ជា​អចិន្ត្រៃយ៍ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ការ​សម្រេច​វិធានការ​ក្តៅ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ពិនិត្យ​លើ​កំណត់ហេតុ​ប្រ​ជុំ​របស់​ក្រុមប្រឹក្សា​ឃុំ​ថ្មកែវ និង​ឃុំ​សេ​កុង ដោយ​រក​ឃើ​ញ​ថា ក្រុមហ៊ុន វ៉េ​ង លាប បាន​ល្មើស​នឹង​កិច្ចសន្យា តាម​រយៈ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​យឺតយ៉ាវ​មិន​ទាន់ ពេលវេលា និង​មាន​ចេតនា​ព្យាយាម​កេង​បន្លំ​គុណភាព​គម្រោង​។

តាម​រយៈ​សេចក្តីសម្រេច​ដដែល​នេះ ទាំងក្រុមហ៊ុន វ៉េ​ង លាប និង​រូបវន្តបុគ្គល លោក វ៉េ​ង លាប ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត​នូវ​សិទ្ធិ​ដូច​ខាងក្រោម​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​៖ ១-ហាមឃាត់​ការ​ដាក់​សំណើ​ដេញថ្លៃ ឬ​ស្វែងរក​តម្លៃ​កិច្ចសន្យា​នៅ​គ្រប់​ឃុំ​-​សង្កាត់ ២-ហាម​ធ្វើ​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន ឬ​អង្គភាព​ផ្សេង​ទៀត ក្នុង​ការ​ចូលរួម​ដេញថ្លៃ​គម្រោង​ឃុំ​-​សង្កាត់ ៣-ហាម​ធ្វើ​ជា​អ្នក​ទទួល​ការ បន្តការងារ ផ្តល់​សេវាកម្ម ឬ​ផ្គត់ផ្គង់​សម្ភារ​ផ្សេង​ៗ​ក្នុង​គម្រោង​របស់​ឃុំ​-​សង្កាត់ ។

លោក​អភិបាល​ខេត្តស្ទឹងត្រែង បាន​បង្គាប់​ឱ្យ​នាយក​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ផែនការ និង​វិនិយោគ អង្គភាព​លទ្ធកម្ម អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​សេចក្តីសម្រេច​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​