ភ្ជុំបិណ្ឌ៣ថ្ងៃ! ខេត្តបាត់ដំបង ស្វាគមន៏ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ ថយចុះជាង៥០% បើធៀបនឹងឆ្នាំមុន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ធ្លាប់តែកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ សម្រាប់ភ្ញៀវទេសចរ ដែលធ្វើដំណើរចូលមកលេងខេត្តបាត់ដំបង ក្នុងពិធីបុណ្យប្រពៃណីជាតិធំៗ ប៉ុន្តែឆ្នាំនេះស្ទើរតែមិនធ្លាប់មានទាល់តែសោះ ចំពោះភ្ញៀវទេសចរដែលធ្វើដំណើរចូលមកកម្សាន្ត ក្នុងទឹកដីវ័យចំណាស់ នៃអាណាចក្រខេត្តបាត់ដំបង រាល់ក្នុងពិធីបុណ្យប្រពៃណីជាតិផ្សេងៗ មានការថយចុះរហូតដល់ទៅជាង៥០% ដូចក្នុងពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ (២០២៦)។
មន្ទីរទេសចរណ៏ខេត្ត បានបង្ហាញរបាយការណ៏ពីការធ្លាក់ចុះនៃភ្ញៀវទេសចរ ប៉ុន្តែហាក់មិនបានពិពណ៌នាលម្អិតដូចបណ្ដាឆ្នាំមុនៗទេ ហើយក៏មិនបានប្រាប់ពីមូលហេតុ ដែលនាំឲ្យមានការថយចុះនូវភ្ញៀវទេសចរយ៉ាងកំហុក ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃក្នុងឆ្នាំ២០២៦នេះ ដល់ក្រុមអ្នកសារព័ត៏មាន ដូចបណ្ដាឆ្នាំមុនៗដែរ។
តាមរយៈរបាយការណ៏ ដែលគោរពជូនលោកចៅហ្វាយខេត្ត ប្រធានមន្ទីរទេសចរណ៏ខេត្ត លោក អ៊ុច អ៊ុំភីនីស្សារា់ បានឲ្យដឹងថា ក្នុងរយៈពេល០៣ថ្ងៃ (ថ្ងៃទី១០ ដល់១២ តុលា ឆ្នាំ២០២៦) នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តបាត់ដំបង បានទទូលស្វាគមន៏ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត ត្រឹមចំនួន១០៤,៣៣២នាក់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំមុន ក្នុងរយៈពេល០៣ថ្ងៃដូចគ្នា មានការថយចុះដល់ទៅ៥២,៣៥%។
របាយការណ៏បានឲ្យដឹងថា ក្នុងចំណោមនេះ មានភ្ញៀវបរទេសប្រមាណត្រឹម៣៩២នាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរកម្សាន្ត ដែលចំនួននេះបើធៀបទៅនឹងឆ្នាំមុន ថយចុះដល់ទៅ៣០,៦២%។ នៅក្នុងរបាយការណ៏គោរពជូនលោកអភិបាលខេត្តនេះ លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញតែចំនួនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តលើទឹកដីបាត់ដំបង មានការថយចុះជាងពាក់កណ្ដាល ប៉ុន្តែលោកមិនបាននិយាយដល់មូលហេតុ ដែលនាំឲ្យមានការថយចុះភ្ញៀវទេសចរ ដែលមិនធ្លាប់មានសោះកន្លងមកនេះទេ។
បើទោះជារបាយការណ៏របស់មន្ទីរទេសចរណ៏ មិនបាននិយាយពីមូលហេតុ នៃការថយចុះនូវភ្ញៀវទេសចរណ៏។ ប៉ុន្តែគេអាចដឹងបានតាមរយៈការស្ទង់មតិយោបល់លើភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា លើក្នុងទឹកដី នៃខេត្តដែលមានវ័យចំណាស់មួយនេះ។
យោងលើការបញ្ចេញមតិ ដែលកោះសន្កិភាព បានសាកសួរ យើងឃើញថា មានកត្តាចំនួន០៣ ដែលជាឧបសគ្គដល់ការធ្វើដំណើរកម្សាន្តរបស់ភ្លៀងទេសចរណ៏។ ទី១-កត្តាផ្លូវថ្នល់៖ ដែលខូចខាតស្ទើរគ្រប់ទីកន្លែង ដោយសារជំនន់ទឹកភ្លៀងកាលពីអំឡុងចុងខែកញ្ញា និង ដើមខែតុលានេះ ធ្វើឲ្យភ្ញៀវទេសចរជួបការលំបាក រារ៉ែកក្នុងការធ្វើដំណើរទៅកាន់តំបន់កម្សាន្តនានា។
ទី២-កត្តាទឹកជំនន់៖ ទឹកជំនន់ដែលហក់ឡើងយ៉ាងគំហុក ស្ទើរគ្រប់ទិសទី នៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលថ្មីៗនេះ ជាពិសេសលិចលង់គ្មានសល់នៅតាមរមណីយដ្ឋាននានា ហើយទើបនឹងស្រាកស្រាន្តនាពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែវានៅតែតាមលងបន្លាចមិនឈប់ដល់អារម្មណ៏អ្នកនិយមធ្វើដំណើរកម្សាន្ត។ ម្យ៉ាងទៀតស្ថានភាពអាកាសធាតុមិនអំណោយផល ធ្លាក់ភ្លៀងមិនឈប់ ដូច្នេះទើបធ្វើឲ្យភ្ញៀវទេសចរណ៏ មួយចំនួនធំមានការព្រួយបារម្ភ និង ភ័យខ្លាចមិនហ៊ានធ្វើដំណើ រទៅកាន់គោលដៅរមណីយដ្ឋាន ដែលមានទឹកធ្លាក់។
ទី៣-រមណីយដ្ឋានមិនល្អស្អាតដោយសារសំណាកទឹកជំនន់៖ នៅតាមរមណីយដ្ឋានមួយចំនួន ដែលជាគោលដៅទេសចរណ៏ល្អៗ និង សំខាន់ៗមួយហាក់បាត់បង់សម្រស់ពីធម្មជាតិ ដោយសារតែសំណាកកខ្វក់ ស្លាកស្នាមដិតដាមសំណល់ពីជំនន់ទឹកភ្លៀង ទើបធ្វើឲ្យភ្ញៀវរារ៉ែកមិនចង់ទៅកម្សាន្តនៅតាមរមណីដ្ឋានទាំងនោះ។
នេះគ្រាន់តែជាការលើកឡើងពីចំណុចខ្លះៗ របស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តលើទឹកដីខេត្តបាត់ដំបង ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌរយះពេល០៣ថ្ងៃកន្លងទៅនេះ ខណៈមន្ទីរជំនាញមិនបាននិយាយដល់ចំណុចទាំងនេះទេ។
ផ្ទូយទៅវិញ គេឃើញភ្ញៀវទេសចរ ទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ ហាក់បានប្រមូលផ្ដុំគ្នាដើរទស្សនាកម្សាន្ត តាមរមណីយដ្ឋានប្រវត្តិសាស្ត្រ ឬ នៅតាមបណ្ដាប្រាសាទបុរាណនានា ក្នុងទឹកដីដ៏ចំណាស់មួយនេះ ឬ នៅជួបជុំគ្នាតាមលំនៅឋានសាច់ញាតិ។ ជាពិសេសនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ«ភ្នំសំពៅ» គេឃើញមានភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិច្រើនកុះក បានធ្វើដំណើរទៅទស្សនាកម្សាន្តនៅទីនោះ និង នៅតាមបណ្ដាប្រាសាទបុរាណដទៃៗទៀត៕







ចែករំលែកព័តមាននេះ