ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា និងព្រះមហាក្សត្រអារ៉ាប៊ី សាអូឌីត អាប់ដាល់ឡាហ៍ បានអំពាវនាវកាលពីថ្ងៃទី១៣ សីហា ដល់រដ្ឋាភិបាលស៊ីរី ឱ្យបញ្ចប់ជាបន្ទាន់នូវការបង្ក្រាបប្រឆាំងពួកបាតុករ។
សេតវិមានរាយការណ៍ថា ក្នុងការសន្ទនាតាមទូរស័ព្ទមេដឹកនាំទាំង២ បានសម្តែងពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើកម្លាំងរបស់អាជ្ញាធរស៊ីរី ប្រឆាំងនឹងប្រជាជន ដោយគូសបញ្ជាក់ថា យុទ្ធនាការយ៉ាងសាហាវរបស់របបស៊ីរីប្រឆាំងពលរដ្ឋរបស់ខ្លួនត្រូវបញ្ឈប់ជាបន្ទាន់។
មេដឹកនាំទាំង២បានព្រមព្រៀងគ្នារក្សាការពិគ្រោះពិភាក្សាគ្នាយ៉ាងជិតស្និទ្ធលើសភាពការណ៍នៅស៊ីរីនាថ្ងៃខាងមុខ ហើយលោកបារ៉ាក់ អូបាម៉ា អះអាងជាថ្មីពីការសន្យារបស់សហរដ្ឋអាមេរិកចូលរួមរយៈពេលយូរ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ក្នុងតំបន់។
សហរដ្ឋអាមេរិកបានពង្រឹងរយៈពេលចុងក្រោយនេះ នូវការគាបសង្កត់លើប្រធានាធិបតីស៊ីរី លោកបាចាអាល់ អាសាដ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយគៀងគរសហគមន៍អន្តរជាតិឱ្យថ្កោលទោសការបង្ក្រាបរបស់របបស៊ីរីលើពួកបាតុករ ។ ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីៗប្រឆាំងស៊ីរី ខណៈដែលអារ៉ាប៊ី សាអូឌីត កូវ៉ែត និងអង់គ្លេសបានដកឯកអគ្គរដ្ឋទូតរបស់ពួកគេចេញពីស៊ីរី ៕
ចែករំលែកព័តមាននេះ