ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករ១រូប​ ចាប់​យក​របរ​ចិញ្ចឹម​កណ្ដូប ចំណាយដើមទុនតិច ​ចំណេញច្រើន​​ និង​មាន​តម្រូវការទីផ្សារខ្ពស់​

1 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្រោម​​ការ​​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ជីវភាព​គ្រួសារ លោក អ៊ិម អាន់ អតីត​ពលករនៅ​ប្រទេស​ថៃ មួយ​រូប ដែល​រស់នៅ​ក្នុង​ឃុំ​ព្រៃ​ជ្រូក ខេត្តសៀមរាប បាន​សម្រេចចិត្ត​ផ្លាស់​ប្ដូរមក​ចាប់​យកមុខ​របរ​ចិញ្ចឹម​កណ្ដូប​ជា​លក្ខណៈ​គ្រួសារ ខណៈ​មុខរបរ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ភាព​ងាយស្រួល​ក្នុង​ការ​ថែទាំ ចំណាយ​ដើមទុន​តិចតួច ប៉ុន្តែ​ផ្តល់​ផល​ចំណេញ និង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​។

លោក អ៊ិម អាន់ បានឱ្យ​ដឹង​ថា ដំបូង​ឡើយ​ លោក​បាន​សាក​ល្បង​ចិញ្ចឹម​ត្រឹមតែ​១​ទ្រុង​ប៉ុណ្ណោះ​។ បន្ទាប់​ពី​ទទួល​បាន​ផល​ជោគជ័យ និង​អាច​ប្រមូល​ពង​បាន ទើប​លោក​ពង្រីក​បន្ថែមចំនួន ១ ទៅ ២ ទ្រុង​ទៀត​។ សម្រាប់​ទុន​ដំបូង លោក​ចំណាយ​ប្រមាណ​៦​ម៉ឺន​រៀល​សម្រាប់​ធ្វើ​ទ្រុង និង​ចំណាយ​សរុប​ទាំងអស់​ជិត ១០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។

បច្ចុប្បន្ន លោក​មាន​ពង​កណ្ដូប​សម្រាប់​ធ្វើ​ពូជ​បន្ត ដោយ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​បាន​ទាំង​ពូជ (​ពង​កណ្ដូប​) និង​​កណ្ដូប តាម​តម្រូវការ​ជាក់ស្ដែង​។

ចំពោះ​បញ្ហា​ទីផ្សារ លោក អ៊ិម អាន់ បាន​បញ្ជាក់​ដោយ​ក្តី​ទុកចិត្ត​ថា គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​នោះ​ឡើយ «​ឱ្យ​តែ​កណ្ដូប​ធំធាត់​ ប្រមូលផល គឺ​មាន​ម៉ូយ​មក​ទទួល​ទិញ​ទាំងអស់​!»​។ រីឯ​ការ​ថែទាំ និង​ចំណីអាហារ​ក៏​មិន​មាន​ភាព​ស្មុគស្មាញ​ដែរ ដោយ​កណ្ដូប​ស៊ី​ត្រឹមតែ​ស្មៅ និង​ស្លឹកចេក​ជា​អាហារ និង​មិន​ត្រូវការ​ទឹក​ច្រើន​នោះ​ទេ​។

ទោះបីជា​យ៉ាងណា ក្នុង​នាម​ជា​អ្នក​មានបទពិសោធន៍​ផ្ទាល់ លោក​បាន​ចែករំលែក​នូវ​បច្ចេកទេស និង​ចំណុច​សំខាន់​ៗ មួយ​ចំនួន​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន គឺ​ត្រូវ​ត្រួត ពិនិត្យ និង​ដើរ​រក​ស្មៅ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដោយ​ជៀសវាង​ដាច់ខាត​នូវ​ស្មៅ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់ថ្នាំ​គីមី ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​កណ្ដូប​ងាប់​​។ កណ្ដូប​ចូល​ចិត្ត​កម្ដៅថ្ងៃ​ខ្លាំង នា​​រដូវក្ដៅ​ជាពេល​ងាយស្រួល​ចិញ្ចឹម និង​លូតលាស់​បាន​លឿន ចំណែក​ឯ​រដូវ​ត្រជាក់​វិញ​ តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់​ថែទាំ​ខ្ពស់​បន្តិច​។

ជា​ពិសេស​ត្រូវ​យល់​ដឹង​ពី​បច្ចេកទេស​រំងាស់​ពង និង​សម្អាត​ទ្រុង​ចិញ្ចឹម​យ៉ាងតិច​ណាស់​ឱ្យ​បាន ១ ដង​ក្នុង ១ ស​ប្តា​ហ៍​។ ជាមួយ​គ្នា​នេះ លោក អ៊ិម អាន់ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញា​ធរ​មូលដ្ឋាន ដែល​តែងតែ​ណែនាំ និង តម្រង់​ទិស​ដល់​រូប​លោក​ឱ្យ​ស្គាល់​មុខរបរ​ដ៏​មាន​សក្ដានុពល​នេះ​។ សម្រាប់​ផែនការ​អនាគត លោក​មាន​គម្រោង​ពង្រីក​ទ្រុង​ចិញ្ចឹម​ឱ្យ​បាន​ពី ៤ ទៅ ៥ ទ្រុង​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​មុខរបរ​នេះ​មិន​ត្រឹមតែ​ងាយស្រួល​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ចំណូល​ពិតប្រាកដ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​ផង​ដែរ​៕