រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកពិធីប្រណាំងទូក.ង ដោយសារបញ្ហាព្រំដែន និងគ្រោះទឹកជំនន់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកពិធីប្រណាំងទូកង ដោយសារមានបញ្ហាព្រំដែន និងទឹកជំនន់ ។ នេះបើតាមការប្រកាសឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកពិធីប្រណាំងទូក(ង)ដោយសារបញ្ហាព្រំដែននិងរងគ្រោះដោយទឹកជំនន់នៅឆ្នាំ២០២៦នេះ តែរដ្ឋបាលខេត្តបានរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលធ្វើដូចរាល់ឆ្នាំនៅដងស្ទឹងសិរីសោភ័ណ។
ឯកឧត្តមបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យនៅពេលជម្លោះព្រំដែនកម្ពុជា-ថៃ អាជ្ញាធរបានយកចិត្តទុកដាក់ជម្លៀសប្រជាពលរដ្ឋចេញពីព្រំដែននៅតំបន់ប្រឈម ទៅកាន់ទីតាំងសុវត្ថិភាពដែលបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំផ្ទះបណ្តោះអាសន្នជូនជនភៀសសឹកជាង៣ពាន់គ្រួសារ។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា នៅអំឡុងចុងខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៦ ខេត្តបន្ទាយមានជ័យរងគ្រោះដោយទឹកជំនន់ មាន៩ស្រុក-ក្រុងដែលប៉ះពាល់សរុបចំនួន១៧.៩៣៤គ្រួសារ ស្មើនឹង៧២.០៥៩នាក់ និងជម្លៀសដាក់ទួលសុវត្ថិភាពចំនួន២.៣៨៦គ្រួសារ ស្មើនឹង១១.០៦១នាក់ និងប៉ះពាល់ស្រូវចំនួន៣៧.៥១០ហិកតា ៕






ចែករំលែកព័តមាននេះ