ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ដែល​បដិសេធ​ថា គ្មាន​បទល្មើសអនឡាញស្គេមនោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​កម្ពុជា​ជា​រដ្ឋ​ដែល​សកម្ម​លុប​បំបាត់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​មិន​ដែល​បដិសេធ​ថា គ្មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​គឺ​កម្ពុជា​ជា​រដ្ឋ ​ដែល​សកម្ម​លុប​បំបាត់​ នេះ​បើ​តាមឯកឧត្តម ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ប្រចាំការ និង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ​។

ឯកឧត្តម​ ថា ​ជាមួយ​លទ្ធផល​សម្រេច​កម្ពុជា​លុប​បំបាត់​បានជា​បន្ត​បន្ទា​ប់​ក្នុង​កិច្ច​ខិតខំ​បោសសម្អាត​ Online Scams កម្ពុជា​បន្ត​ប្តេជ្ញា​ទប់ស្កាត់​មិន​ឱ្យ​វិលត្រឡប់​ជា​ដាច់ខាត​ ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន Al Jazeera លើ​ករណី Long Bay ក្នុង​ខេត្តកោះកុង ថា​តើ​អាច​ប៉ះពាល់​ដល់​រូបភាព និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដែរ​ ឬ​យ៉ាងណា​នោះ ? ឯកឧត្តម ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ប្រចាំការ និង​ប្រធាន​លេខាធិការដ្ឋាន ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​ដែល​បដិសេធ​ថា គ្មាន​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​កម្ពុជា​ជា​រដ្ឋ​ដែល​សកម្ម​ធ្វើ​សកម្មភាព​ជាក់ស្តែង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា មិន​ដក​ដៃ​ឡើយ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​និង​កំពុង​ចាត់វិធានការ​ច្បាប់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​ការ​លុប​បំបាត់​បទល្មើស​នេះ​ ។

ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​បន្ថែម​ថា លទ្ធផល​ ដែល​រាជរដ្ឋាភិបាល ​សម្រេច​បានជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​កត្តា​ចំបង​មួយ ដែល​ជំរុញ​ក្រសួង ស្ថាន​ប័ន អាជ្ញាធរ​ក្នុង​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស ឱ្យ​កាន់តែ​មាន​សន្ទុះ​អនុវត្ត​កាតព្វកិច្ច​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ខិតខំ​បោស​សម្អា​ត ​Online Scams និង​បន្ត​ប្តេជ្ញា​ទប់ស្កាត់​មិន​ឱ្យ​វា​វិល​ត្រឡប់​វិញ​ជា​ដាច់ខាត ​។

ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​ដោយ​ភាព​ទទួលខុសត្រូវ​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​បោសសម្អាត និង​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​ទីតាំង និង​មជ្ឈមណ្ឌល​ប្រតិបត្តិការ​របស់​ក្រុម​ឧក្រិដ្ឋជន Online Scams ​។

បន្ថែម​ពី​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ​បាន​និង​កំពុង​បន្ត​ធ្វើការ​ស៊ើបអង្កេត​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ចាប់ខ្លួន​មេខ្លោង និង​មុខសញ្ញា​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ​ ។

ចំពោះ​វី​ដេ​អូ​ផ្សាយ​របស់ Al Jazeera នេះ​ដែរ ឯកឧត្តម ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មភាព​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នោះ គឺជា​សកម្មភាព​ ដែល​កើតឡើង​មុន​ពេល​មាន​យុទ្ធនាការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​របស់​អាជ្ញាធរ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ដូច្នេះការ​ផ្សាយ​នេះ​ផ្ទុយ​ទៅ​វិញ គឺ​បាន​ស្តែង​ឱ្យ​ឃើញ និង​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា ពេល​នេះ​កម្ពុជា​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិត​ប្រាក​ដ​ក្នុង​ការ​បង្ក្រាប និង​បោសសម្អាត​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​ទីតាំង​ទាំងនោះ​ ។

ជា​ទិស​ដៅ​បន្ត ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​នឹង​បន្ត​បង្កើន និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស និង​អង្គការ​អន្តរជាតិ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ក្នុង​គោលបំណង​រារាំង និង​ទប់ស្កាត់​មិន​ឱ្យ​បទល្មើស​បច្ចេកវិទ្យា​ឆ្លង​ដែន​ទាំងនេះ អាច​វិល​ត្រឡប់​មក​ឈរជើង ឬ​មាន​វត្ត​មាននៅ​ក្នុង​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​ឡើយ​ ៕