ប្រទេសវៀតណាម៖ អ្នកនេសាទ ២នាក់បានស្លាប់ដោយសាររន្ទះបាញ់នៅលើទន្លេ Truong Giang ក្នុងទីក្រុងដាណាំង ភាគកណ្តាលប្រទេសវៀតណាម ក្នុងរយៈពេលត្រឹម ៤ថ្ងៃ។ ហេតុការណ៍នេះបានជំរុញឱ្យអ្នកជំនាញព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះផ្គររន្ទះ និងស្វែងរកទីជ្រកកោនដែលមានសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ជនរងគ្រោះទី១ ឈ្មោះ Do Van Phuong អាយុ ៤២ឆ្នាំ ត្រូវរន្ទះបាញ់នៅលើទូកពេលនេសាទ កាលពីល្ងាចថ្ងៃទី៩ ខែតុលា បណ្តាលឱ្យធ្លាក់ចូលទឹក និងស្លាប់។ ចំណែកជនរងគ្រោះទី២ ឈ្មោះ Tran Van Dao បានស្លាប់ដោយសាររន្ទះបាញ់នៅលើទន្លេដដែល កាលពីរសៀលថ្ងៃទី១៣ ខែតុលា។
អ្នកជំនាញព្យាករណ៍អាកាសធាតុបានពន្យល់ថា ផ្គររន្ទះអាចកើតឡើងយ៉ាងឆាប់រហ័ស ដោយសារការប្រែប្រួលក្នុងបរិយាកាស និងការប៉ះទង្គិចរវាងម៉ាសខ្យល់ផ្សេងៗ។ ប្រជាពលរដ្ឋគួរចូលទៅក្នុងអគាររឹងមាំ នៅពេលឃើញពពកព្យុះកើនឡើង ខ្យល់ប្រែទិស ឬឮសំឡេងផ្គរលាន់ ហើយត្រូវជៀសវាងដើមឈើខ្ពស់ បង្គោលភ្លើង ទីវាលទំនេរ និងតំបន់ទឹក។
អ្នកជំនាញបានណែនាំឱ្យផ្អាកសកម្មភាពក្រៅផ្ទះ ការនេសាទលើទន្លេ និងសកម្មភាពនៅតាមសមុទ្រ បឹង ឬវាលស្រែ ខណៈមានផ្គររន្ទះ។ ប្រជាពលរដ្ឋគួររង់ចាំយ៉ាងហោចណាស់ ៣០នាទី បន្ទាប់ពីឮសំឡេងផ្គរលាន់ចុងក្រោយ ទើបចេញទៅខាងក្រៅវិញ និងត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំ៕
ចែករំលែកព័តមាននេះ